ព្រះសីហនុ៖ វិនិយោគិនចិន ស្នើ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ គាំទ្រលើគម្រោងវិនិយោគសេវាដឹកជញ្ជូន រថយន្តក្រុង ដែលមានរថយន្តក្រុងចំនួន ៣០គ្រឿង ដោយគ្រោងដាក់ឱ្យដំណើរការរត់លើខ្សែផ្លូវសំខាន់ៗមួយចំនួន ក្នុងក្រុងព្រះសីហនុ។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងពីគោលបំណងវិនិយោគលើសេវាដឹកជញ្ជូន រថយន្តក្រុង នៅក្នុងក្រុងព្រះសីហនុ។ លោក បានបញ្ជាក់ថា ប៉ុន្តែ ក្រុមហ៊ុនត្រូវសិក្សាតម្លៃសេដ្ឋកិច្ចឱ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចុះកិច្ចព្រមព្រៀងវិនិយោគលើសេវាដឹកជញ្ជូននៅក្នុងក្រុងព្រះសីហនុ ប្រកបដោយជោគជ័យ។ បើតាមការបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តបានបន្តទៀតថា ក្រុមហ៊ុនចិនដែលមានបំណងវិនិយោគលើសេវាដឹកជញ្ជូន រថយន្តក្រុងនេះ ដោយមើលឃើញពីសន្ទុះនៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ មានការរីកចម្រើនឥតឈប់ឈរអាចក្លាយជាទីក្រុងឆ្លាតវៃ ជាកន្លែងទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគ។
បើតាមរដ្ឋបាលខេត្តដដែលបានបន្ថែមថា លោក គួច ចំរើន បានស្នើឱ្យក្រុមចិន ត្រូវសិក្សាពីប្រភពសេដ្ឋកិច្ច ខ្សែរត់ ការធ្វើចំណតរថយន្ត និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ដំណើរការវិនិយោគលើសេវាកម្មដឹកជញ្ជូនឱ្យបានទូលំទូលាយ នៅក្រុងព្រះសីហនុ។ លោក បញ្ជាក់ «ព្រោះយើងចង់បានសេវាដឹកជញ្ជូនសាធារណៈជាការចាំបាច់ ដើម្បីចូលរួមជួយសម្រួលការធ្វើដំណើរ កាត់បន្ថយពេលវេលា និងចំណេញថវិកា»។
លោក អភិបាលខេត្តព្រះសីហនុ បានបនបន្ថែមថា ទន្ទឹមនោះត្រូវរកអ្នកជំនាញសិក្សាគម្រោង និងធ្វើបទបង្ហាញដើម្បីធានាការបោះទុនវិនិយោគលើសេវាដឹកជញ្ជូននៅក្នុងក្រុងព្រះសីហនុ ទទួលបានលទ្ធផលផ្លែផ្កាល្អ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)