Register Already an agent ? Login

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តចំនួន១២ បានជួសជុលកំណាត់ផ្លូវខូចខាត ២០ខ្សែ

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ត្បូងឃ្មុំ ក្រចេះ រតនគីរី កំពង់ស្ពឺ និងខេត្តកោះកុង បានបង្កើនយកចិត្តទុកដាក់ថែទាំលើ កំណាត់ផ្លូវរងការខូចខាតដោយសាររងជំនន់ទឹកភ្លៀង និងកំណាត់ផ្លូវខ្លះក្លាយជាជង្ហុកសំបុកមាន់ចំនួន ២០ខ្សែ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនឆ្លងកាត់ កាន់តែមានភាពងាយស្រួល។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការជួសជុល និងថែទាំលើកំណាត់ផ្លូវជាតិតាមបណ្ដាខេត្ត ចាប់ថ្ងៃទី១៦-២១ ខែកញ្ញា ឆ្នាំ២០២១ ដែលមានកំណាត់ផ្លូវជាតិលេខ៤ លេខ៥ លេខ៦ លេខ៨ លេខ៩៥  លេខ២១បេ លេខ៤៤ លេខ៥៦ លេខ៥៨ លេខ៦៨ លេខ៦២ លេខ៦៤  លេខ៥៩ លេខ៥៧ លេខ៦៧ លេខ៧២ លេខ៧៣ លេខ៧៦ លេខ៧៨ លេខ៥៧បេ និងផ្លូវថ្នល់មួយចំនួនផ្សេងទៀត។

ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ  (Road Care Mobile App) ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់របស់យើង អាចប្រើប្រាស់បានយូរអង្វែង៕

ដោយ៖ មឿន ឌីណា (Moeun  Dyna)