ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline គ្រោងនាំទេសចរកូរ៉េខាងត្បូង និងចិនឱ្យបានច្រើនមកទស្សនាតំបន់អច្ឆរិយៈក្នុងប្រទេសកម្ពុជា ដោយបានស្នើឱ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ គាំទ្រទៅលើ គម្រោង «វិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅសៀមរាប-អង្គរ»។ បើតាមកិច្ចពិភាក្សារវាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ដែលដឹកនាំដោយ លោក គូ ថេអូ (Koo Taeoh) អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។
អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sky Angkor Airline លោក គូ ថេអូ បានបញ្ជាក់ក្នុងកិច្ចពិភាក្សាខាងលើថា ប្រសិនបើគម្រោងនេះអាចដំណើរការទៅបាន នឹងក្លាយជាផលិតផលទេសចរណ៍ថ្មី រួមចំណែកក្នុងការទាក់ទាញទេសចរកូរ៉េ ក៏ដូចជាទេសចរចិនមកកម្សាន្តនៅកម្ពុជាបន្ថែមទៀត ដែលអាចជួយដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបើកទេសចរណ៍ឡើងវិញ។
លោក គូ ថេអូ បានលើកឡើងឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline កំពុងពិចារណាគម្រោងជិះទូកប្រពៃណីនៅកសិន្ធុប្រាសាទអង្គរវត្តនៃរមណីដ្ឋានអង្គរ ដូច្នេះហើយទើបក្រុមហ៊ុនស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យគម្រោងនេះអាចដំណើរការទៅបាន។
នៅក្នុងកិច្ចពិភាក្សានោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រោងខាងលើ ប៉ុន្តែ លោក ក៏បានស្នើឱ្យមានការពិភាក្សាលម្អិតលើបញ្ហាអភិវឌ្ឍន៍ និងអភិរក្ស ពីព្រោះតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់បេតិកភណ្ឌពិភពលោក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាអង្គការយូណេស្កូផងដែរ។
លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា «គម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងតំបន់រមណីដ្ឋានអង្គរ គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា តែយ៉ាងណាក្រសួងទេសចរណ៍ នឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនបន្ថែមលើសំណើនេះ»។
លោក ថោង ខុន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩» និង «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប» ខណៈ បច្ចុប្បន្ន ក្រសួងទេសចរណ៍ ក៏កំពុងរៀបចំឯកសារផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព ក្នុងដំណាក់កាលកូវីដ-១៩ ផងដែរ។
លោក រដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ក្រុមហ៊ុនដែរអំពីខ្លឹមសារខ្លះៗនៃ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប» ដែលជំរុញឱ្យមានផលិតទេសចរណ៍ថ្មីៗជាច្រើន។ ផែនការមេនេះមិនត្រឹមតែនៅតំបន់អង្គរទេ គឺបូករួមទាំងតំបន់ជុំវិញតំបន់អង្គរ និងតំបន់ដែលមានសក្ដានុពលផ្សេងទៀត ដូចជា តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងតំបន់បឹងទន្លេសាបជាដើម។ លោក បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងត្រៀមលក្ខណៈក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ (ទេសចរដែលចាក់វ៉ាក់សាំងរួច) ឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព។
នាឱកាសនោះ លោក គូ ថេអូ ក៏បានបង្ហាញនូវក្ដីសង្ឃឹមក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានច្រើនមកពីប្រទេសចិន ក៏ដូចជាប្រទេសកូរ៉េ ប្រទេសកំណើតរបស់លោកផងដែរ។
ជាការឆ្លើយតប លោក ថោង ខុន បានថ្លែងអំណរគុណតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ដែលបានគិតគូរដល់ការដាក់ចេញនូវផលិតផលទេសចរណ៍ថ្មី សម្រាប់លើកស្ទួយវិស័យទេសចរណ៍នៅខេត្តសៀមរាប។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ត្រូវបានបង្កើតឡើងនៅអំលុងខែមិថុនា ដោយកាលណោះមានហោះហើរត្រង់រវាងប្រទេសកម្ពុជាទៅមកខេត្ត-ក្រុងជាច្រើនរបស់ប្រទេសចិន រួមទាំងទីក្រុងតៃប៉ិ (តៃវ៉ាន់) ប្រទេសវៀតណាម ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ប្រទេសឥណ្ឌាជាដើម។ ក្រៅពីនោះ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ក៏មានការហោះហើរក្នុងប្រទេសផងដែរ ភ្នំពេញ-សៀមរាប និង ភ្នំពេញ-ព្រះសីហនុ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)