Register Already an agent ? Login

ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញក្នុងរង្វង់ ៥.៥% នៅឆ្នាំ២០២២

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករសេដ្ឋកិច្ចកម្ពុជា ថានឹងងើបឡើងវិញក្នុងរង្វង់ ៥.៥ភាគរយ នៅក្នុងឆ្នាំ២០២២ ខណៈ ឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ជិត ២ភាគរយ ដោយសារការអូសបន្លាយនៃជំងឺរាតត្បាតកូវីដ-១៩។

ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរ បានធ្វើឱ្យប៉ះពាល់ ដល់សេវាកម្ម និងតម្រូវការ ក្នុងស្រុក ការបិទខ្ទប់ និងការផ្អាកដំណើរការ រោងចក្របណ្តោះអាសន្ន បានប៉ះពាល់ដល់ផលិតកម្ម ក្នុងវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង កាលពីដើមឆ្នាំ២០២១។ បើតាមការលើកឡើងរបស់ នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Sunniya Durrani-Jamal បានបន្តថា ដោយផ្អែកលើចំណុចនេះ យើងព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានត្រឹម១,៩ភាគរយ នៅឆ្នាំ២០២១ ទាបជាងការព្យាករ ៤,០ភាគរយ របស់យើងកាលពីខែមេសា។

លោក ស្រី បានលើកឡើងបន្តថា យោងតាមការធ្វើបច្ចុប្បន្នភាព ចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ២០២១ វិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងកើនឡើងក្នុងរង្វង់ ១.៥ភាគរយ។ ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងប្រទេសបានរំខានដល់សង្វាក់ ផ្គត់ផ្គង់វិស័យកសិកម្ម ប៉ុន្តែផលប៉ះពាល់ជាទូទៅមានកម្រិត។ ការនាំចេញក្នុង វិស័យកសិកម្ម បានកើនឡើង ៣០.៣ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ជាមួយនឹងកំណើនដ៏រឹងមាំ នៃការនាំចេញ កសិផលក្រៅពីអង្ករ។

តម្រូវការក្នុងស្រុក សម្រាប់ម្ហូបអាហារ ការស្នាក់នៅ ការដឹកជញ្ជូន និងសេវាកម្មបម្រើផ្ទាល់ផ្សេងទៀត ត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយសារការផ្ទុះឡើង នៃជំងឺកូវីដ-១៩ និងការបិទខ្ទប់នានា។ បើតាមការមើលឃើញរបស់ លោកស្រី Sunniya Durrani-Jamal ថា ការរឹតបន្តឹងលើការធ្វើដំណើរអន្តរជាតិនៅតែមាន ហើយការមកដល់នៃភ្ញៀវអន្តរជាតិ បានធ្លាក់ចុះក្នុងរង្វង់ ៩១.៣ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។

នាយិកាប្រចាំប្រទេសកម្ពុជា នៃADB បានលើកឡើងបន្តទៀតថា ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង (GTF)  ក្នុងឆមាសទី១ ឆ្នាំ២០២១ មានកម្រិតទាបជាងពេលមុនមានជំងឺរាតត្បាត ទោះបីវាមានកម្រិតខ្ពស់ជាងឆ្នាំ២០២០ ក៏ដោយ។ លោក ស្រី ថា ផលិតកម្មផ្សេងទៀត បានបន្តលូតលាស់ ហើយសកម្មភាពសំណង់បានចាប់ផ្តើមងើបឡើងវិញជាមួយនឹងការនាំចូលសម្ភារសំណង់កើនឡើងក្នុងរង្វង់ ២៣,៥ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

កំណើនវិស័យឧស្សាហកម្មត្រូវបានព្យាករក្នុងរង្វង់ ៥.៣ភាគរយ ក្នុងឆ្នាំ២០២១ ដោយអាស្រ័យ នឹងលទ្ធភាពក្នុងការបង្កើនការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង និងការបន្តនៃភាពរឹងមាំក្នុងវិស័យកម្មន្តសាលផ្សេងទៀត។ បើតាមការបន្ថែមរបស់ លោក Sunniya Durrani-Jamal បានផ្ដល់អនុសាសន៍ដល់រាជរដ្ឋាភិបាលថា ដើម្បីលើកកម្ពស់ជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលនឹងត្រូវបន្តពង្រឹងប្រព័ន្ធគាំពារ សង្គមរបស់ខ្លួន និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនិងការអប់រំ។

បើតាមអនុសាសន៍របស់ លោក ស្រី នាយិការូបនេះ បានបញ្ជាក់ «កំណែទម្រង់ក៏ចាំបាច់ផងដែរ ដើម្បីទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់ រួមទាំងហេដ្ឋារចនា សម្ព័ន្ធឌីជីថល។ ការធ្វើកំណែ ទម្រង់ ដើម្បីលើកកម្ពស់ការអនុវត្តមុខងារសាធារណៈ ក៏ជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសផងដែរ»។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង ៤៧៧.២លានដុល្លារ ដល់ប្រទេសកម្ពុជា និងផ្តល់បន្ថែមចំនួន ២៨១.៣លានដុល្លារទៀត តាមរយៈ សហហិរញ្ញប្បទាន។ ទឹកប្រាក់បម្រុង ពី ADB សម្រាប់ឆ្នាំ ២០២១-២០២៤ រួមមានប្រាក់កម្ចីសម្បទាន ចំនួន ១.៤៩ពាន់លានដុល្លារ និងជំនួយឥតសំណង ៣១.៨លានដុល្លារ ត្រៀមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)