Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តសៀមរាបសម្រេចបាន ៤៥% ខណៈប្រឈមខ្វះទឹកស្អាតប្រើប្រាស់

សៀមរាប៖ វឌ្ឍនភាព គម្រោងសាងសង់អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី បច្ចុប្បន្ន សម្រេចបានប្រមាណ ៤៥ភាគរយ​ហើយ គ្រោងបញ្ចប់សាងសង់នៅចុងឆ្នាំ​២០២២​ខាងមុខនេះ ខណៈ ប្រឈមខ្វះទឹកស្អាតមិនទាន់ផ្គត់ផ្គង់គ្រប់គ្រាន់។ បើតាមជំនួបពិភាក្សា លើការផ្គត់ផ្គង់បណ្តាញទឹក នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។ បើតាមក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍។

ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានបន្តឱ្យដឹងថា ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមផ្នែកផ្គត់ផ្គង់ទឹកស្អាត នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី លោក ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលជួបពិភាក្សាការងារជាមួយ​ លោក​ ម៉ៅ​ ហាវណ្ណាល់​ រដ្ឋមន្រ្តី​ទទួល​បន្ទុកអាកាសចរណ៍ស៊ីវិល​ និងតំណាង​ក្រុមហ៊ុនវិនិយោគ AIAI នៅទីស្តីការ​ក្រសួង​ និងតាមប្រព័ន្ធ​អនឡាញ​ផងដែរ។

បើតាមរបាយការណ៍រួមគ្នា របស់ លោក​ ម៉ៅ​ ហាវណ្ណាល់ និង​ក្រុមហ៊ុនវិនិយោគ​ AIAI បានបង្ហាញថា ក្នុងន័យដើម្បីចូលរួមការពារប្រាសាទអង្គរវត្ត ​ក៏ដូចជាប្រាសាទនានានៅជុំវិញខេត្តសៀមរាបដែលជាបេតិកភ័ណ្ឌដ៏មានតម្លៃរបស់ជាតិ​និងពិភពលោក​។ ក្នុងនោះ អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ចាស់​ ក៏ត្រូវរាជរដ្ឋាភិបាលសម្រេចឱ្យមានការប្តូរ​ទីតាំង​ និងតម្រូវឱ្យមានការវិនិយោគនូវព្រលាន​យន្តហោះថ្មី​ ឱ្យមានលក្ខណៈឆ្ងាយពីទីរួមខេត្ត និងពីប្រាសាទអង្គរវត្ត​ផងដែរ​។

បើតាមរបាយការណ៍រួមគ្នាបានឱ្យដឹងទៀតថា ជាក់ស្តែង​បន្ទាប់ពី​ចុះអនុស្សារណៈយោគយល់គ្នា​កាលពីឆ្នាំ២០១៦​ រវាងរាជរដ្ឋាភិបាលកម្ពុជា​ និងភាគីចិនមកពីខេត្ត​យូណាន​ ស្តីពី​ការវិនិយោគអាកាសយានដ្ឋានអន្តរជាតិខេត្តសៀម​រាបថ្មីរួចមក​ ដំណើរការសាងសង់មកដល់បច្ចុប្បន្នបានប្រមាណ ៤៥ភាគរយ​ហើយ គ្រោងសម្រេចរួចរាល់នៅចុងឆ្នាំ​២០២២​ខាងមុខនេះ​។

បើតាមរបាយការណ៍រួមគ្នាដដែល បានបញ្ជាក់ «ប៉ុន្តែ​ចំពោះមុខគឺមានបញ្ហាប្រឈមផ្នែកផ្គត់ផ្គង់ទឹកស្អាត​ពីព្រោះ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​ត្រូវ​បានប្តូរទីតាំងនៅក្នុងស្រុកសូត្រនិគម​ មានចម្ងាយប្រមាណ ៥០​គីឡូម៉ែត្រ​ ពីក្រុងសៀមរាប​ និង ៤០​គីឡូម៉ែត្រ ​ពីព្រលានចាស់​ ដែល​ព្រលានថ្មីនេះមានផ្ទៃដីសរុបប្រមាណ ៧០០​ហិកតា​ វិនិយោគជាលក្ខណៈ​  BOT រយៈពេល​ ៥៥​ឆ្នាំ​»។

បន្ទាប់ពី​ស្តាប់​របាយការណ៍​ពី លោក​ ម៉ៅ​ ហាវណ្ណាល់​ និងបទបង្ហាញពីតំណាងក្រុមហ៊ុន​ AIAI វិនិយោគ​ព្រលាន​យន្តហោះ​ថ្មីសៀមរាប​ ដូចរៀបរាប់ខាងលើរួចមក​ លោក ចម​ ប្រសិទ្ធ​ បានថ្លែង​ថា ​ទោះបីកាលពីចុះអនុស្សារណៈយោគយល់គ្នាតំណាងក្រសួងរបស់ខ្ញុំមិនបានចូលរួមក៏ដោយ​ តែពេលនេះខ្ញុំនឹងខិតខំដោះស្រាយជូន​ ក្នុងជម្រើសមួយដើម្បីយកទៅពិចារណា​។

លោក រដ្ឋមន្រ្តី​ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានថ្លែងបន្តថា គឺលទ្ធភាពល្អតែមួយគត់​ ដោយក្រុមហ៊ុន​ត្រូវវិនិយោគលើការតបណ្តាញចែកចាយទឹករបស់រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប​ពីព្រំប្រទល់ នៃទីក្រុងសៀមរាបទៅដល់ព្រលានថ្មីប្រមាណជិត ២៥​គីឡូម៉ែត្រ​ ដោយប្រើបំពង់ទុយោពីដើមទី​ទំហំ ​៦០០មីលីម៉ែត្រ​ រួមជាមួយការសាងសង់អាងស្តុក​ និងស្ថានីយ៍ចែកចាយបន្ត​ ដើម្បីឱ្យការងារ​នេះ​ដើរទាន់នឹងការដ្ឋានសាងសង់​។

លោក ចម ប្រសិទ្ធ បានថ្លែងបន្តទៀតថា ក្នុងនោះទឹក​ប្រាក់ចំណាយប្រមាណ​ ១២ ​ទៅ១៣លានដុល្លារ។ ការចំណាយនេះគឺយើងគិត​ការផ្គត់ផ្គង់ក្នុងមួយថ្ងៃ​ ៥ពាន់ម៉ែតគូប​ ទៅ១ម៉ឺន​ម៉ែត្រគូប​ លើសពីគម្រោងរបស់ក្រុមហ៊ុនសុំតែ ២ពាន់ម៉ែត្រគូប​។ លោក​ បានគិតថាមិនគ្រប់គ្រាន់ទេ​ បើមើលពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន​ មានទឹកប្រាក់ហូតដល់ ១៥០០​លានដុល្លារឯណោះ​ ដោយរួមបញ្ចូលទាំងមូលដ្ឋានអាជីវកម្ម​ រោងចក្រសហគ្រាស​ និងហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​។

ក្នុងឱកាសនោះ​ តំណាងក្រុមហ៊ុនចិន​ បានថ្លែងអំណរគុណចំពោះអនុសាសន៍ណែនាំនិងកិច្ចសហការជួយគាំទ្រយ៉ាងល្អរបស់​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ហើយ​នឹងពាំនាំព័ត៌មាននេះជូនទៅថ្នាក់លើរបស់ខ្លួន​ ដើម្បីពិចារណា​និងសម្រេច​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)