ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ឱ្យត្រៀមលក្ខណៈបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរ អ្នកដំណើរឡើងវិញ ខណៈ រាជរដ្ឋាភិបាលកម្ពុជាក៏ត្រៀមប្រកាសបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលឆាប់ៗខាងមុខដែរ ប៉ុន្តែស្របតាមយន្តការ «ទេសចរណ៍សុវត្ថិភាព»។
ក្ដីសង្ឃឹមថ្មីខាងលើនេះ ត្រូវបានបង្ហាញឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងត្រៀមលក្ខណៈក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ (ទេសចរដែលចាក់វ៉ាក់សាំងរួច) ឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព។ បើតាមការលើកឡើងរបស់ លោក ថោង ខុន បានបន្តថា នាពេលខាងមុខឆាប់ៗនេះ សម្ដេចតេជោ ហ៊ុន សែន នឹងប្រកាសអំពីការបើកទេសចរណ៍សុវត្ថិភាពនេះជាផ្លូវការ ដោយកាលពីពេលកន្លងទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហើបម្ដងរួចមកហើយដែរ អំពីការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនេះ។
លោក ថោង ខុន បានបញ្ជាក់ថា តាមគម្រោងដូចដែល សម្តេចតេជោ បានមានប្រសាសន៍ គឺចំពោះភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជានោះ នឹងតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងតំបន់ទេសចរណ៍ ឬគោលដៅទេសចរណ៍ជាក់លាក់ណាមួយដែលមានសុវត្ថិភាព ពោលគឺជាតំបន់ដែលគ្មានការរាតត្បាតពីជំងឺកូវីដ-១៩។
ដូច្នេះ ទើបលោករដ្ឋមន្ត្រី បានគាំទ្រឱ្យក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ត្រៀមលក្ខណៈឱ្យបានស្រេចបាច់ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរ ក៏ដូចជាអ្នកដំណើរពីអន្តរជាតិមកទស្សនាកម្សាន្តនៅកម្ពុជាឡើងវិញ។
លោក ថោង ខុន ក៏បានបញ្ជាក់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍នៅលើពិភពលោករួមទាំងកម្ពុជាផង។ ទោះយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩» និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី។ លោក បានរៀបចំឯកសារផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព ក្នុងដំណាក់កាលកូវីដ-១៩ រួចហើយៗ ថែមទាំងបានដាក់ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងអនុម័តផងដែរ។
អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline លោក គូ ថេអូ (Koo Taeoh) បានឱ្យដឹងថា ក្រោយពី សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពីបំណងចង់បើកទេសចរណ៍សុវត្ថិភាពឡើងវិញនៅកម្ពុជា អគ្គនាយករបស់ក្រុមហ៊ុនលោកបានរួសរាន់ត្រឡប់ទៅកូរ៉េខាងត្បូង ដើម្បីធ្វើការជាមួយក្រុមហ៊ុនទេសចរណ៍នៅប្រទេសកូរ៉េ ក៏ដូចជាប្រទេសចិន លើការផ្សព្វផ្សាយឱ្យភ្ញៀវទេសចរធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជា ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកវិស័យទេសចរណ៍ជាផ្លូវការនាពេលខាងមុខនោះ។
អ្នកគ្រប់គ្រង គូ ក៏បានលើកឡើងអំពីគម្រោងវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅតំបន់សៀមរាប-អង្គរបន្ថែមទៀតផងដែរ ដើម្បីជាការរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនាតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជាតទៅទៀត។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ត្រូវបានបង្កើតឡើងនៅអំឡុងខែមិថុនា ដោយកាលណោះមានការហោះហើរត្រង់រវាងប្រទេសកម្ពុជាទៅមកខេត្ត-ក្រុងជាច្រើនរបស់ប្រទេសចិន រួមទាំងទីក្រុងតៃប៉ិ (តៃវ៉ាន់) ប្រទេសវៀតណាម ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ប្រទេសឥណ្ឌាជាដើម។ ក្រៅពីនោះ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ក៏មានការហោះហើរក្នុងប្រទេសផងដែរ ភ្នំពេញ-សៀមរាប និង ភ្នំពេញ-ព្រះសីហនុ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)