ភ្នំពេញ៖ យោងតាមឯកសាររបស់រដ្ឋបាលសូរិយោដី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា នីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុមាន ៥ តំណាក់កាល គឺ៖ ១.បំពេញឯកសារនៅការិយាល័យភូមិបាល, ២.ប្រថាប់ត្រាដោយអាជ្ញាធរឃុំ-សង្កាត់, ៣.កសាងសាលកបត្រក្បាលដី និងពិនិត្យទីតាំង, ៤.សុំការអនុម័តមន្ទីរសុរិយោដី និងបង់ពន្ធ, ៥.ចារឹកឈ្មោះលើប្លង់ដី។
តំណាក់ទី១. ពេញឯកសារនៅការិយាល័យភូមិបាល
ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិ ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ (ដែលជាទូទៅគេហៅថា ការិយាល័យភូមិបាល) ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីបំពេញឯកសារនានា នៅមុខមន្ត្រីភូមិបាល ដោយមានសាក្សីមកជាមួយផង។
គូភាគី ត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖ កិច្ចសន្យាទិញ-លក់ (លិខិតលក់ផ្តាច់ សម្រាប់ការផ្ទេរកម្មសិទ្ធិក្នុងករណីទិញ-លក់) លិខិតធ្វើអំណោយផ្តាច់ (ក្នុងករណីដីនោះ ត្រូវបានធ្វើអំណោយដល់នរណាម្នាក់) អត្តសញ្ញាណប័ណ្ណ (មានបញ្ជាក់ពីសាលាក្រុង ស្រុក/ ខណ្ឌ) សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យប្តីប្រពន្ធ) ឯកសារបញ្ជាក់អត្តសញ្ញាណ (នៅលីវ រៀបការ និង លែងលះ….) និងឯកសារផ្សេងៗទៀត ទៅតាមតម្រូវការជាក់ស្តែងនៃអចលនទ្រព្យនោះ។
តំណាក់ទី២. ប្រថាប់ត្រាដោយអាជ្ញាធរឃុំ-សង្កាត់
បន្ទាប់ពីបំពេញឯកសារ នៅការិយាល័យភូមិបាលរួចរាល់ ម្ចាស់ដី ត្រូវយកឯកសារ ទៅឱ្យអាជ្ញាធរឃុំ-សង្កាត់ ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីត្រួតពិនិត្យនូវភាពស្របច្បាប់ និងប្រថាប់ត្រាលើឯកសារទាំងអស់នោះ។
តំណាក់ទី៣.កសាងសាលកបត្រក្បាលដី និងពិនិត្យទីតាំង
បន្ទាប់ពីប្រថាប់ត្រារួចហើយ ម្ចាស់ដីត្រូវបន្តយកឯកសារនោះទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីអនុវត្តនីតិវិធីបន្ត។ មន្ត្រីភូមិបាល នឹងធ្វើការងារផ្ទេរសិទ្ធិអចលនទ្រព្យនោះ ដោយចុះទៅពិនិត្យទីតាំង កសាងសាលកបត្រក្បាលដី សម្រង់ពត៌មានក្បាលដី កសាងកំណត់ហេតុចុះវាស់វែង និងកសាងឯកសាររណបផ្សេងៗទៀតដែលពាក់ព័ន្ធ។
តំណាក់ទី៤.សុំការអនុម័តមន្ទីរសុរិយោដី និងបង់ពន្ធ
យោងតាមសេចក្តីសម្រេចលេខ០៤ សសរ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ មានការផ្ទេរសិទ្ធិខ្លះ គឺមិនជាប់ពន្ធនោះទេ ដូចជាការផ្ទេរអចលនទ្រព្យជាសំណង់ ឬ/និងដី៖ ចំពោះដីដែលចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដីត្រូវយកឯកសារទាំងអស់នោះ ទៅច្រកចេញចូលតែមួយនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ឬហៅថាមន្ទីរសុរិយោដី) ដែលអចលនទ្រព្យនោះស្ថិតនៅ។ មន្ត្រីសុរិយោដីនៅទីនោះ នឹងធ្វើការត្រួតពិនិត្យឯកសារទាំងនោះ។ ក្នុងករណីដែលឯកសារគ្រប់គ្រាន់ តាមច្បាប់ហើយនោះ មន្ត្រីនឹងហៅម្ចាស់មកបង់សេវាសុរិយោដី និងយកឯកសារទៅបង់ពន្ធនៅសាខាពន្ធដារដែលអចលនទ្រព្យនោះស្ថិតនៅ។
ប៉ុន្តែចំពោះដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពីមន្ត្រីចុះវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ហើយ (តំណាក់កាលទី៣) ការិយាល័យភូមិបាល នឹងរៀបចំឯកសារ ដើម្បីឱ្យអ្នកស្នើសុំយកឯកសារទៅបង់ពន្ធប្រថាប់ត្រា៤%។
យោងតាមសេចក្តីណែនាំលេខ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ការផ្ទេរសិទ្ធិអចលនទ្រព្យត្រូវជាប់ពន្ធ ៤ភាគរយ ទាំងប្លង់រឹងនិងប្លង់ទន់។ ដីដែលពុំទាន់បានចុះបញ្ជី អ្នកទទួលសិទ្ធិមានកាតព្វកិច្ច ត្រូវបង់ពន្ធប្រថាប់ត្រា៤% ដូចដីដែលបានចុះបញ្ជីដែរ។ រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ រវាងយាយ-តាបង្កើតនិងចៅបង្កើត។
តំណាក់ទី៥.ចារឹកឈ្មោះលើប្លង់ដី
កិច្ចបង្ហើយ បន្ទាប់ពីបង់ពន្ធរួច សម្រាប់ដីដែលបានចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដី ត្រូវយកឯកសារទាំងអស់ មកមន្ទីរសុរិយោដីម្តងទៀត ដើម្បីមន្ត្រីធ្វើបច្ចុប្បន្នភាពអំពីម្ចាស់ដី នៅក្នុងកុំព្យូទ័រ និងធ្វើលេខាចារឹកលើប្លង់ដី។ ម្ចាស់ដីថ្មី នឹងទទួលបានប្លង់កម្មសិទ្ធិ នៅពេលនីតិវិធីទាំងអស់បានបញ្ចប់។
ចំណែកដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពីបានបង់ពន្ធរួចរាល់ហើយ អ្នកស្នើសុំត្រូវយកបង្កាន់ដៃបង់ពន្ធរួចរាល់ ទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ចប់ការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ ជូនម្ចាស់ថ្មី ត្រឹមថ្នាក់ស្រុកខណ្ឌ។ លោកអ្នកនឹងទទួលសំណុំ ឯកសារនៃការផ្ទេរសិទ្ធិអចលនទ្រព្យ ដែលបានផ្ទេរសិទ្ធិត្រឹមត្រូវឱ្យទៅឈ្មោះម្ចាស់ថ្មី៕
ប្រភព៖ គេហទំព័រ Propertyarea.asia
ដោយ៖ មឿន ឌីណា (Moeun Dyna)