Register Already an agent ? Login

ឆមាសទី១ ឆ្នាំ២០២១នេះ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ចំនួន ១០ម៉ឺនគ្រឿង ភាគច្រើនម៉ូតូ

ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ចំនួន ១០៥.៩៩៥គ្រឿង ក្នុងនោះទោចក្រយានយន្ត ត្រីចក្រយានយន្ត ចំនួន ៧៧.៧៩៤គ្រឿង ស្មើនឹង ៧៣ភាគរយ ហើយក្នុងចំណោម ៧៣ភាគរយនេះមាន ៩០ភាគរយ មិនពាក់មួកសុវត្ថិភាព ៦ភាគរយ ល្មើសសញ្ញាចរាចរណ៍ ២ភាគរយ គ្មានស្លាកលេខ ២ភាគរយ ប្រើទូរសព្ទ និង១ភាគរយ ទៀតស្រវឹងស្រា។ បើតាមរបាយការណ៍ ដែលអានដោយ លោក ស្រី មិន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស្រី មិន មាណាវី បានអានបន្តថា ដោយឡែករយន្តល្មើសវិញ មានចំនួន ២៨,២០១គ្រឿង ស្មើនឹង ២៧ភាគរយ ក្នុងនោះធុនធ្ងន់ ៦,៤៣១គ្រឿង។ ក្នុងចំណោមរថយន្តល្មើសនោះ មានបទល្មើសមិនពាក់ខ្សែក្រវ៉ាត់ ៥២ភាគរយ ល្មើសល្បឿន ១៦ភាគរយ ប្រើទូរសព្ទ ១០ភាគរយ គ្មានផ្លាកលេខ ៥ភាគរយ ល្មើសសញ្ញាចរាចរណ៍ ៧ភាគរយ គ្មានបណ្ណបើកបរ ៤ភាគរយ ដឹកលើសចំណុះ ៤ភាគរយ គ្មានឆៀក១ភាគរយ គ្មានអាជីវកម្ម ១ភាគរយ និងស្រវឹង ១ភាគរយ។

លោក ស្រី មិន មាណា បានអានបន្តទៀតថា ចំពោះសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១,២៦១លើក (យប់៥៤ភាគរយ) បណ្ដាលឱ្យស្លាប់ ៧០៩នាក់ និងរងបួស១,៧៩២នាក់ ក្នុងនោះរបួសធ្ងន់ ១,០៤៦នាក់ ហើយមូលហេតុនៃគ្រោះថ្នាក់ គឺល្មើសល្បឿន ៣៤ភាគរយ បើកបរមិនគោរពសិទ្ធិ ២៣ភាគរយ មិនប្រកាន់ស្ដាំ ១៦ភាគរយ វ៉ាជែង ៨ភាគរយ បត់ ៩ភាគរយ កត្តាយានយន្ត ៣ភាគរយ ស្រវឹង ៣ភាគរយ និងសុខភាព ងងុយ ១ភាគរយ។

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស្រី មិន មាណា បានអានបន្ថែមទៀតថា ជាការកត់សម្គាល់ ក្នុងចំណោមជនរងគ្រោះស្លាប់ មាន ៧៨ភាគរយ គឺជាអ្នកជិះម៉ូតូ ស្មើនឹង ៥៥៥លើ ៧០៩នាក់ និងមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៩ភាគរយ ស្មើនឹង ៣៨៥លើ ៥៥៥នាក់។ ដោយឡែក រាជធានី-ខេត្ត​ ដែលមានអត្រាគ្រោះថ្នាក់ច្រើន រួមមាននៅរាជធានីភ្នំពេញ ៣៤០លើក, ខេត្តកណ្ដាល ៨៦លើក និងខេត្តស្វាយរៀង ៧៧លើក។ គ្រោះថ្នាក់ចរាចរណ៍ឆមាសទី១នេះ បានថយចុះ ៣៥៨លើក ស្មើនឹង ២២ភាគរយ ស្លាប់ថយចុះ ១៥២នាក់ ស្មើនឹង ១៨ភាគរយ និងរងរបួសថយចុះ ៦៥៧ ស្មើនឹង ២៧ភាគរយ។

នៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសាទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២១​ខែកញ្ញា ឆ្នាំ២០២១ ដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅក្នុងឆមាសទី១នេះ ការធ្លាក់ចុះអត្រាគ្រោះថ្នាក់ចរាចរណ៍គឺជាមោទកភាពមួយដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគី។

សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីការងារពាក់ព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងនោះឆ្លើយតបនឹងការស្នើសុំធ្វើច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី សម្ដេច បានផ្ដល់ការណែនាំឱ្យសិក្សារៀបចំត្រឹមតែវិសោធនកម្មបានហើយ ដោយមិនចាំបាច់ធ្វើច្បាប់ថ្មីនោះទេ ចៀសវាងបង្កើតច្បាប់ និងវិសោធនកម្មច្បាប់ញឹកញាប់ពេក។

សម្ដេច ក៏បានណែនាំឱ្យបន្តពង្រឹងវិន័យកងកម្លាំងអនុវត្តច្បាប់ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈនិងការបែងចែកប្រាក់ផាកពិន័យឱ្យមានតម្លាភាពដើម្បីលើកទឹកចិត្តកងកម្លាំង។ ពាក់ព័ន្ធនឹងមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍វិញ សម្ដេចក្រឡាហោម បានកត់សម្គាល់ថានៅតែជាបញ្ហាប្រឈម ជាពិសេសអ្នកជិៈម៉ូតូមិនពាក់មួកសុវត្ថិភាព និងអ្នកបើកបរនៅពេលយប់។

សម្ដេចក្រឡាហោម ក៏បានបន្តមានប្រសាសន៍អំពីបញ្ហាប្រឈមជាសត្យានុម័ត និងអន្តនោម័តមួយចំនួនដែលបាន និងកំពុងកើតមានឡើង ហើយមិនទាន់មានដំណោះស្រាយសមស្រប ដូចជាមូលហេតុនៃគ្រោះថ្នាក់ រួមមានការល្មើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាំស្ដាំ ការជិះម៉ូតូមិនពាក់មួកសុវត្ថុភាព, កត្តាខ្វះខាតស្លាកសញ្ញា គំនូសសញ្ញា, កត្តាយានយន្តដឹកទំនិញ និងដឹកដីមួយចំនួនមិនបានចុះបញ្ជី  កែច្នៃខុសបច្ចេកទេស និងបង្កបញ្ហាលើដងផ្លូវ ព្រមកត្តាយានយន្តដឹកជញ្ជូនបែបប្រមូលផ្ដុំ ដូចជារថយន្តដឹកកម្មករ និងកត្តាមួយចំនួនទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)