Register Already an agent ? Login

រោងចក្រផលិតក្តាបន្ទះ ទ្វារ គ្រឿងសង្ហារឹម និងដំឡើងរថយន្ត ទុនវិនិយោគសរុប ២២លានដុល្លារ នឹងដំណើរការនៅខេត្តព្រះសីហនុ និងបន្ទាយមានជ័យ

ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីឱ្យក្រុមហ៊ុនចំនួន ៤ ដំណើរសង្វាក់ផលិតកម្មរបស់ខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទុនវិនិយោគសរុបប្រមាណ ២២.១លានដុល្លារ។

បើតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនទាំង ៤ នឹងដំណើរសង្វាក់ផលិតកម្មរបស់ខ្លួនឆាប់ៗនេះហើយ មានដូចខាងក្រោម៖

១.គម្រោងបង្កើតរោងចក្រផលិតក្តាបន្ទះ ក្តាប៉ាកេ គ្រឿងសង្ហារឹម គ្រឿងបង្គុំគ្រឿងសង្ហារឹម សម្ភារតុបតែងពីបន្ទះឈើ និងដុំកម្ទេចឈើ របស់ក្រុមហ៊ុន MOUNTAIN FOREST PRODUCT CO., LTD. ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៥កន្លែង។

២.គម្រោងបង្កើតរោងចក្រផលិតទ្វា បង្អួច និង ផលិតផលធ្វើអំពីអាលុយមីញ៉ូម របស់ក្រុមហ៊ុន KINGMALL INDUSTRIAL (CAMBODIA) CO., LTD. ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

៣.គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម របស់ក្រុមហ៊ុន CAMBODIAN BIRCHEVER FURNITURE CO., LTD. ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧,៦ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩០កន្លែង។

៤.គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត របស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទុនវិនិយោគប្រមាណ ៧ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៥កន្លែង។

ដូចគ្នានេះដែរ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីឱ្យក្រុមហ៊ុន KINWAY (CAMBODIA) INTELLIGENT HOME FURNISHING MANUFACTURER CO., LTD លើគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម (ពីស្បែក និងឈើនាំចូល) ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២.៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០៨កន្លែង។

សូមរម្លឹកថា តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០ភាគរយ ឬស្មើនឹង ៣១៥លានដុល្លារ៕

ដោយ៖ មឿន​ ឌីណា (Moeun  Dyna)