Register Already an agent ? Login

សំរាម សំណល់រឹង នៅតាមមណ្ឌលចត្តាឡីស័កទូទាំងប្រទេស មានប្រមាណ ១០០តោនក្នុងមួយថ្ងៃ

ភ្នំពេញ៖ សំរាម សំណល់រឹង ដែលបានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩នៅទូទាំងប្រទេសកម្ពុជា មានប្រមាណ ១០០តោនក្នុងមួយថ្ងៃ។ បើតាមរបាយការណ៍របស់ពីមន្ទីរបរិស្ថានរាជធានី-ខេត្តទាំង ២៥ បានបញ្ជាក់ នាពេលបច្ចុប្បន្ន ចំនួននេះអាចមានការធ្លាក់ចុះ ដោយសារតែអត្រាឆ្លងជំងឺកូវីដ-១៩ មានការធ្លាក់ចុះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងក្នុងអំឡុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឡដុតសំរាម សំណល់រឹង សំណល់គ្រោះថ្នាក់ពីមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកែបថា ឡដុតសំរាមសំណល់រឹងនៅខេត្តកែបនេះ គឺជាឡ ១ ក្នុងចំណោមឡចំនួន ៥៤ ដែលក្រសួងបរិស្ថាន បានបំពាក់ ក្រុងស្រុក និងអង្គភាពចំនួន ៥៤ ក្នុងរាជធានី-ខេត្តចំនួន ២០។

ក្រសួងបរិស្ថាន បាននិងកំពុងបន្តបំពាក់ឡដុតសំរាមសំណល់រឹង នេះនៅតាមបណ្តាទីតាំងមួយចំនួនទៀតដែលមានភូមិសាស្ត្រឆ្ងាយពីទីលានចាល់សំរាម ឬតម្រូវការចាំបាច់។ បើតាមការបន្តរបស់ លោក នេត្រ ភក្ត្រា បានបន្តទៀតថា ឡដុតសំណល់រឹងសំរាម ដែលបានដំឡើងរួចបាននិងកំពុងចូលរួមដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលធ្វើចត្តាឡីស័ក ខណៈឡទាំងនេះ គឺជាជំនួយបន្ថែមលើឡដុតសំណល់វេជ្ជសាស្ត្រដែលមានស្រាប់នៅតាមមន្ទីរពេទ្យ និងតាមមណ្ឌលសុខភាពនានាទូទាំងប្រទេសកម្ពុជា។

នៅថ្ងៃទី២០ ខែកញ្ញានេះ គឺខេត្តកែបបានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការឡដុតសំរាមសំណល់រឹងដែលមានបច្ចេកវិទ្យាខ្ពស់ក្នុងការដុតកម្ទេចសំណល់វេជ្ជសាស្ត្រ សំណល់ផ្សេងៗទៀត ដែលត្រូវបានប្រមូលយកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលចត្តាឡីស័ក។ បើតាមការថ្លែងបន្ថែមរបស់ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ទៀតថា ចំពោះសំណល់វេជ្ជសាស្ត្រ បើយើងគ្រប់គ្រងមិនបានល្អទេ វានឹងក្លាយជាគ្រាប់បែកមេរោគបំផ្លាញសុខភាពពលរដ្ឋ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងអំណរគុណចំពោះ លោក​ សាយ សំអាល់ និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់បំពាក់សម្ភារចាំបាច់នានាដល់រដ្ឋបាលខេត្ត ដើម្បីពង្រឹងភាពជាម្ចាស់លើការគ្រប់គ្រងអនាម័យបរិស្ថាន។ លោក បានបន្តថា សមិទ្ធផលនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំក្រសួងបរិស្ថានទទួលបន្ទុកខេត្តកែប ជាពិសេស លោក នេត្រ ភក្ត្រា ដែលបានខ្នះខ្នែងក្នុងបំណងគ្រប់គ្រងឱ្យមានប្រសិទ្ធភាពសំរាម សំណល់រឹងចេញពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ និងសំណល់វេជ្ជសាស្ត្រផ្សេងទៀត។

​ឡដុតសំរាមសំណល់រឹងនេះពិតជាមានភាពចាំបាច់សម្រាប់ខេត្ត កែបដើម្បីប្រើប្រាស់ដុតសំណល់វេជ្ជសាស្ត្រ និងសំណល់មកពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមិនឱ្យមានការបោះចោលពាសវាលពាសកាលឡើយ។ បើតាមការបញ្ជាក់ រនបស់ លោក សោម ពិសិដ្ឋ បានស្នើឱ្យរដ្ឋបាលក្រុងកែប ដែលលទទួលភារកិច្ចក្នុងការគ្រប់គ្រងថែរក្សាឡដុតសំរាមនេះត្រូវ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែង និងប្រើប្រាស់ជាប្រយោជន៍ក្នុងការសម្អាតអនាម័យបរិស្ថាន។

នាឱកាសនោះ លោក នេត្រ ភក្ត្រា បានថ្លែងបន្ថែមទៀតថា ការគ្រប់គ្រងបានល្អនាំមកនូវអនាម័យបរិស្ថាន គឺជាការចូលរួមអនុវត្តគោលនយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាពដែលលើកឡើងអំពីភូមិឃុំសង្កាត់ត្រូវតែមានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ ដែលសំដៅលើការមានវិធានការក្នុងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន អនាម័យក្នុងភូមិឃុំសង្កាត់ប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះ ស្រាយសំរាម ធ្វើឱ្យភូមិឃុំសង្កាត់មានសោភ័ណភាព និងផាសុកភាព។

រដ្ឋលេខាធិការដដែលនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ជាពិសេសត្រូវវេចខ្ចប់សំណល់សំរាមពីមណ្ឌលព្យាបាលអ្នកជំងឺឱ្យបានត្រឹមត្រូវ ជៀសវាងការបោះសំរាមចោលផ្តេសផ្តាសដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងផាសុកភាព។ ភូមិ-ឃុំ សហគមន៍ស្អាត គឺចាំបាច់ត្រូវការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)