Register Already an agent ? Login

សប្តាហ៍ទី៣ ក្នុងខែកញ្ញា មានភ្ញៀវទេសចរដើរលេងជិត ៨ម៉ឺននាក់ ភ្នំពេញនៅតែដើរតួនាទីសំខាន់នៃចលនាដើរកម្សាន្ត

ភ្នំពេញ៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាសប្តាហ៍ទី៣ ក្នុងខែកញ្ញា (ថ្ងៃទី១៨-១៩) គឺទទួលបានភ្ញៀវសរុប ៧៩,០១៥នាក់ ក្នុងនោះភ្ញៀវជាតិ ៧៧,៨០៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,២១១នាក់ ដែលភាគច្រើននៅរាជធានីភ្នំពេញ ២៣,១៩៣នាក់។ បើតាមការថ្លែងឱ្យដឹងពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ឱ្យដឹងថា «គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ២៣,១៩៣នាក់, ខេត្តកំពត ២២,៤៣៨នាក់, ខេត្តកែប ៨,១៤៤នាក់, ខេត្តព្រះសីហនុ ៥,០៦៧នាក់, ខេត្តពោធិ៍សាត់ ៤,៥៧៣នាក់»។

លោក ថោង​ ខុន បានថ្លែងបន្តថា តួលេខនេះបន្តកើនឡើងប្រមាណ ២០ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក ដែលជាសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ផ្ទៃក្នុង។ ប៉ុន្តែទន្ទឹមនឹងនេះ គោលដោទេសចរណ៍នៅតាមខេត្តមួយចំនួន នៅបន្តផ្អាកសកម្មភាពតាមរយៈការបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែកក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដូចជាខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម។

តំបន់ឆ្នេរសមុទ្រនៃខេត្តកំពត កែប និងព្រះសីហនុ រួមជាមួយតំបន់អេកូទេសចរណ៍ ដូចជាតំបន់ភ្នំខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ និងតំបន់ភ្នំ១៥០០ និងផ្លូវបុប្ផាលាក់ខ្លួនក្នុងស្រុកវាលវែងក្នុងខេត្តពោធិសាត់ជាដើម គឺជាគោលដៅពេញនិយម និងទទួលបានភ្ញៀវទេសចរច្រើនក្នុងសប្តាហ៍កន្លងមក។ បើតាមការថ្លែងបន្តទៀតរបស់ លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោក ថោង ខុន បានលើកឡើងថា មន្ទីរទេសចរណ៍បានកំពុងខិតខំជំរុញការអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១កន្លងមក ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ពិសេស ជំរុញចលនាទេសចរណ៍ផ្ទៃក្នុងនាឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)