Register Already an agent ? Login

ចំណតផែកុងតឺន័រ LM១៧ នៅខេត្តកណ្ដាល ក្រោយពីបញ្ចប់ការសាងសង់ពង្រីកសមត្ថភាពធំជាងមុនត្រូវបានដាក់ឱ្យប្រើប្រាស់

កណ្ដាល៖ ចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ ដែលសិ្ថតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល បន្ទាប់ពីបានសាងសង់ពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធឱ្យមានសមត្ថភាពធំជាងមុនរួចហើយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា «ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងគោលបំណងពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្ដបន្ទាប់»។

 លោក រដ្ឋមន្រ្តី បានថ្លែងបន្តថា កំពង់ផែស្វយ័តភ្នំពេញ បានរៀបចំអនុវត្ដន៍​ផែនការរយៈ​ពេលវែង រួមមានគម្រោងអភិវឌ្ឍន៍ចំណតផែរណបទន្លេបិទ គម្រោងអភិវឌ្ឍន៍ ចំណតផែរណបចំនួនពីរ នៅទន្លេមេគង្គលើ និងទន្លេបាសាក់ អភិវឌ្ឍន៍ចំណតផែ ទំនិញចាក់ធារ សាងសង់ឃ្លាំងត្រជាក់និងស្ងួត ព្រមទាំងស្ដារនិងថែទាំផ្លូវនាវាចរណ៍ ដើម្បីសំដៅគាំទ្រដល់ការអភិវឌ្ឍ និងរីកចម្រើនប្រកបដោយនិរន្ដរភាពនៃអាជីវកម្ម​របស់កំពង់ផែស្វយ័តភ្នំពេញនេះ។

លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់បន្តទៀតថា «ដោយសារតែកំពង់ផែស្វយ័តភ្នំពេញ គឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់​សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងអន្ដរជាតិ។ ដូច្នេះកំពង់ផែស្វយ័តភ្នំពេញ គឺជាចំណតផែយ៉ាងសំខាន់ដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ ដែលផ្លូវជាតិនេះ  មានភាពងាយស្រួលការធ្វើចរាចរ ជាពិសេសរថយន្ដ កុងតឺន័រចេញ ចូលឆ្លងកាត់ផ្លូវជាតិលេខ១ មកកាន់កំពង់ផែ»។

នៅក្នុងពិធីខាលើ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ បានថ្លែងឱ្យដឹងថា ការបង្កើតចំណតផែកុងតឺន័រ LM១៧ គឺដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ មានជាបន្តបន្ទាប់លើសពីសមត្ថភាព ដែលចំណតផែថ្ម TS៣ មានហើយដែលពុំអាចធ្វើការពង្រីកទៀតបាន។ លោក បន្តថា ទោះបីជាយើងបានខិតខំបង្កើត ទីលានស្តុកកុងតឺន័រ (ICD)ដែលមានទំហំផ្ទៃដី ៩.៣ហិកតា សម្រាប់ស្តុកទាំងកុងតឺន័រមានទំនិញ និងសំបកកុងតឺន័រ។

លោក ហ៊ឺ បាវី បានថ្លែងបន្តទៀតថា ដូចនេះហើយ ទើបនៅឆ្នាំ២០១១ កំពង់ផែស្វយ័តភ្នំពេញ យើងបានសម្រេចវិនិយោគលើការពង្រីកចំណតផែកុងតឺន័រ LM១៧ ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅលើផ្ទៃដីទំហំ ១០ហិកតា ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ១៥០,០០០TEUs ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគដែលបានកម្ចីឥណទានពីចិន ក្នុងទឹកប្រាក់ប្រមាណ ២៨,៩០០,០០០ដុល្លារ (ដោយពុំទាន់រាប់បញ្ចូលគ្រឿងចក្រលើកដាក់ទំនិញ)។

ប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ បានថ្លែងបន្ថែមថា លើសពីនេះ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រ LM១៧ ជំហានទី២ លើទំហំផ្ទៃដី ៤.៥ហិកតា នៅឆ្នាំ២០១៨ ដែលបង្កើនសមត្ថភាពផ្ទុកកុងតឺន័រ ១៥០.០០០TEUs ក្នុងមួយឆ្នាំបន្ថែមទៀត ដោយប្រើប្រាស់ទុនវិនិយោគ ដែលបានមកពីការបោះផ្សាយលក់មូលបត្រ ដើម្បីពង្រីកសមត្ថភាពបន្ថែម ចំណតផែកុងតឺន័រ LM១៧ ឱ្យបាន ៣០០,០០០EUs ក្នុងមួយឆ្នាំ សំដៅឆ្លើយតបនឹងកំណើនកុងតឺន័រ ឆ្លងកាត់មានជាបន្តបន្ទាប់ លើសពីសមត្ថភាពចំណតផែកុងតឺន័រ LM១៧ ជំហានទី១។

លោក បានថ្លែងបន្ថែមទៀតថា បន្ទាប់ពីការសាងសង់ទីលានជំហានទី៣ ដំណាក់កាលទី១នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ កំពង់ផែស្វយ័តភ្នំពេញ នឹងអនុវត្ត ផែនការបន្ទាប់ នោះគឺការអភិវឌ្ឍគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ដំណាក់កាលទី២ (២០២២-២០២៣) ដោយធ្វើការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម និងការបំពាក់ RTG ចំនួន ៤គ្រឿង លើផ្ទៃដីសរុបទំហំ ២.៧៥ហិកតា ដែលអាចបង្កើនសមត្ថភាព ១០០,០០០TEUs ក្នុងមួយឆ្នាំ ដែលនឹងនាំឱ្យសមត្ថភាពផ្ទុកកុងតឺន័រសរុបរបស់ចំណតផែកុងតឺន័រ LM១៧ មានចំនួន ៥០០,០០០TEUs ក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្ដើមសាងសង់ចំណតផែកុងតឺន័រក្នុង ជំហានទី១ ចាប់តាំងពីឆ្នាំ២០១១មក ដោយចំណាយថវិកាប្រមាណ ២៨.៩លានដុល្លារ ដែល​មានសមត្ថភាពអាចផ្ទុកកុងតឺន័របាន ១៥ម៉ឺនTEUs ក្នុងមួយឆ្នាំ ហើយគម្រោងក្នុងជំហានទី២ ចំណាយថវិកាប្រមាណ ៩លានដុល្លារ និងមានសមត្ថភាពផ្ទុកកុងតឺន័របានចំនួន ៣០ម៉ឺនTEUs។ ចំណែកគម្រោងទី៣ ចាប់ពីឆ្នាំ២០១៩​ ដល់ឆ្នាំ២០២៣ គ្រោងនឹងចំណាយ​ថវិកា​ប្រមាណ ៣៥លានដុល្លារ ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ ៥០ម៉ឺនTEUs ក្នុងមួយឆ្នាំ៕

ដោយ៖​ មឿន ឌីណា (Moeun Dyna)