ព្រះសីហនុ៖ ការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល ដែលអនុវត្តដោយក្រុមហ៊ុន Xwater Technology រយៈពេល ២២ខែ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ ក្នុងទឹកប្រាក់ប្រមាណ ២០លានដុល្លារ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)។
ពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ក្រោមអធិបតីភាព លោក ជា សុផារ៉ា ប្រធាន គ.អ.ឆ.ក លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ ក.អ.ឆ.ក លោក សាយ សំអាល់អនុប្រធាន គ.អ.ឆ.ក និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួនទៀត កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងនៅក្នុងពិធីខាងលើថា គ.អ.ឆ.ក បានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទី៣ ក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យា MABR និងត្រូវបានទទួលស្គាល់ថាជាបច្ចេកវិទ្យាដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។
លោក គួច ចំរើន បានថ្លែងបន្តថា ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២00ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ចំណែកឯស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នៅពេលនេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ សាងសង់ដោយក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD។
មូលហេតុដែលត្រូវសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះឡើង គឺដើម្បីធ្វើឱ្យឆ្នេរសមុទ្ររបស់យើងក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិស្ថានល្អ គ្រប់គ្រងបានសំណល់រាវ ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។ បើតាមការថ្លែងរបស់ លោក ជា សុផារ៉ា បានបញ្ជាក់ ការសាងសង់ស្ថានីយប្រព្រឹត្តកម្មនេះ ជាថវិការបស់រាជរដ្ឋាភិបាលផ្តល់ឱ្យ គ.អ.ឆ.ក ចាត់ចែងអនុវត្តគម្រោង និងសាងសង់ដោយក្រុមហ៊ុន Xwater Technology Co,Ltd។
លោក ជា សុផារ៉ា ប្រធាន គ.អ.ឆ.ក បានថ្លែងឱ្យដឹងថា ស្ថានីយ៍ប្រព្រឹត្តកម្មនេះជាដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ របស់អ៊ីស្រាអែល វាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៊ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែលប្រព្រឹត្តកម្មរួច មិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ វាមានគុណភាពប្រកបដោយស្តង់ដារខ្ពស់ និងជាស្នាដៃរបស់កូនខ្មែរ គឺខ្មែរធ្វើបាន។ ស្ថានីយប្រព្រឹត្តកម្មនេះផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ខេត្តព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរច្រើននាពេលខាងមុខ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើបានបន្តថា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) មានលទ្ធភាពកម្ចាត់ពពួកបាក់តេរី និងដកយកនូវសារធាតុអាម៉ូញ៉ាក់ ផូស្វរិច កាបូនឌីអុកស៊ីត និងសាធាតុពុលផ្សេងៗទៀតចេញរហូតដល់កម្រិតខ្ពស់បំផុត ហើយត្រូវបានទទួលស្គាល់ជាបច្ចេកវិទ្យាមានស្ថេរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ និងអ្នករួមចំណែកដល់ការថែរក្សាបរិស្ថាន។
ក្រៅពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ខាងលើ ខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំងផ្សេងទៀត ក្នុងនោះ ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ ក្រុងព្រះសីហនុ (១៦ ហិកតា)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)