Register Already an agent ? Login

តម្លៃដីក្នុងខេត្តកណ្ដាលបានហក់ឡើងខ្ពស់ បន្ទាប់ពីគម្រោងអភិវឌ្ឍធំៗរបស់រដ្ឋ និងឯកជនបានពង្រីកទៅដល់

កណ្ដាល៖ បន្ទាប់គម្រោងអភិវឌ្ឍធំៗរបស់រដ្ឋ និងឯកជនបានពង្រីកទៅដល់ ទឹកដីខេត្តកណ្ដាល បានធ្វើឱ្យតម្លៃដីហក់ឡើងខ្ពស់មួតកម្រិតទៀត ហើយក៏បានបង្ហាញពីសក្ដានុពលការវិនិយោគកាន់តែច្រើនឡើងៗ បើទោះ វិបត្តិជំងឺកូវីដ-១៩ កំពុងវាយលុកគ្រប់ទីកន្លែងក្ដី។ បើតាមការលើកឡើង របស់អ្នកជំនាញក្នុងវិស័យអចលទ្រព្យ។

ភូមិសាស្រ្តដែលមានការរីកចម្រើនខ្លាំងនៅក្នុងខេត្តកណ្តាលមានច្រើន ដូចជា ស្រុកពញាឮ នៅទិសខាងកើត ខាងជើង និងខាងលិចក្រុង ដែលវិសាលភាពត្រូវបានលាតសន្ធឹងរហូតដល់តំបន់ភ្នំរាប ភ្នំបាសិទ្ឋ តំបន់ផ្លូវ៥១ តំបន់ផ្លូវ៤៤។ បើតាមលើកឡើងរបស់ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានញ្ជាក់ បច្ចុប្បន្ន គេសង្កេតឃើញថាគម្រោងអភិវឌ្ឍន៍មួយចំនួនរបស់រដ្ឋ និងឯកជនបានបង្វែទិសដៅទៅកាន់ទឹកដីនៃខេត្តកណ្ដាលខេត្ត ហើយបានជំរុញឱ្យសក្ដានុពលវិនិយោគនិងតម្លៃដីមានហាងឆេងមួយកម្រិតទៀត។

បើតាម លោក ច្រឹក សុខនីម បានលើកឡើងបន្តថា ដោយឡែកចំពោះតំបន់ ដែលស្ថិតទិសខាងត្បូងរាជធានីភ្នំពេញ ក៏មានសក្ដានុពលខ្លាំងផងដែរ ជាពិសេសតំបន់នៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលលាតសន្ធឹងរហូតដល់ស្រុកស្អាង ទើបតែកាត់ចូលចំណុះក្រុងតាខ្មៅចំនួន ៤សង្កាត់ ដែលកំពុងតែមានគម្រោងអភិវឌ្ឍជាច្រើន ជាពិសេសគម្រោងអភិវឌ្ឍសំណង់លំនៅដ្ឋានតែម្ដង។

ខេត្តកណ្តាល មានអំណោយផលជាច្រើនដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចជា៖ មានតំបន់សេដ្ឋកិច្ចពិសេស មានផ្លូវក្រវ៉ាត់ក្រុងទី៣ មានផែស្ងួត មានរោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញនានា ក៏ដូចជាគម្រោងអភិវឌ្ឍលំនៅដ្ឋានប្រណីត និងលំនៅដ្ឋានតម្លៃមធ្យមជាដើម។ បើតាមការលើកឡើងបន្តទៀត របស់ លោក ច្រឹក សុខនីម បានបន្ថែមថា ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីមួយទៀត ដែលមានវិសាលភាពលើផ្ទៃដី ២,៦០០០ហិចតា ដែលធ្វើអោយខេត្តនេះ មានសក្ដានុពលកាន់ខ្លាំងជាងមុនទ្វេដង និងជំរុញឱ្យតម្លៃដីនៅក្នុងខេត្តមួយនេះឡើងកាន់ខ្ពស់មួយកម្រិតថែមទៀត។

មិនខុសគ្នាឡើងតាមការឡើងរបស់ លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ថា តម្លៃដីធ្លីនៅខេត្តកណ្តាលបានប្រែប្រួល ៣៦០ដឺក្រេ ដោយសារតែគម្រោងធំៗរបស់រដ្ឋាភិបាល និងវិស័យឯកជន។ លោក ថា តម្លៃដីធ្លីបានប្រែប្រួលពី ២០រហូតដល់ ១០០ដងក៏មានដែរ អាស្រ័យទៅលើទីតាំង និងតំបន់ដែលមានសក្តានុពល។ ជាក់ស្តែង កាលពីមុនតម្លៃដីធ្លីនៅតាមមាត់បឹង មានត្រឹមតែ ១ដុល្លារ ក្នុងមួយម៉ែត្រការ៉េ បានកើនឡើង ១០០ដុល្លារក្នុងមួយម៉ែត្រក៏មាន ដោយសារតែគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

ទោះបីជាវិបត្តិកូវីដ-១៩ ក៏ដោយ ប៉ុន្តែ ខេត្តកណ្តាលនៅតែស្រូបទាញអ្នកវិនិយោគធំៗ ដែលធ្វើឱ្យតម្លៃដីនៅតែបន្តកើនឡើង។ នបើតាមការលើកឡើងបន្តរបស់ លោក នួន រឹទ្ធី បានបន្ថែមទៀតថា ក្រៅពីគម្រោងអភិវឌ្ឍលំនៅដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស ហេដ្ឋរចនសម្ពន្ធ ខេត្តកណ្តាលបានស្រូបទាញរោងចក្រផលិតស្រាបៀរដ៏ធំមួយ បន្ថែមទៀតកាលពីពេលថ្មីៗ៕

ប្រភព៖ គេហទំព័រ property area Asia

ដោយ៖ មឿន​ ឌីណា (Moeun Dyna)