ភ្នំពេញ៖ កម្ពុជា-អូស្រ្តាលី បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ចេញជាផ្លូវការនូវកិច្ចសហប្រតិបត្តិការ លើការពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់ នៅប្រទេសកម្ពុជា។ ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Pablo Chiho Kang និង លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលី។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលី បានបន្តឱ្យដឹងថា ឯកអគ្គរាជទូត Kang បានជួបជាមួយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មុននឹងពិធីចុះហត្ថលេខា ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកបច្ចេកទេសរបស់អូស្ត្រាលី នៅក្នុងវិស័យសំណង់ និងប្រធានបទនានា ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាព និងសុខភាពនៅការដ្ឋានសំណង់ ស្របតាមច្បាប់ស្តីពីសំណង់ដែលបានដាក់ឱ្យប្រើប្រាស់នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងនេះ អូស្ត្រាលីបាននិងកំពុងគាំទ្រក្រសួង ដើម្បីបង្កើតគោលការណ៍ណែនាំដំបូងមួយសម្រាប់កម្ពុជា ដែលផ្តោតទៅលើសុខភាពនិងសុវត្ថិភាពនៅការដ្ឋានសំណង់ ដើម្បីពង្រឹងសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការស្លាប់និងគ្រោះថ្នាក់នានានៅការដ្ឋានសំណង់នៅកម្ពុជា។ ការងារលើគោលការណ៍ណែនាំបាននិងកំពុងដំណើរការយ៉ាងល្អ ហើយគោលការណ៍ណែនាំនេះអាចនឹងបញ្ចប់ និងត្រូវបានដាក់ឱ្យអនុវត្តនៅចុងឆ្នាំ២០២១។ បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ។
អូស្រ្តាលី ក៏នឹងផ្តល់ការពង្រឹងសមត្ថភាពដល់ក្រុមការងារក្រសួងលើការត្រួតពិនិត្យ និងការពង្រឹងស្តង់ដារថ្មី ក៏ដូចជាការលើកកម្ពស់ការយល់ដឹងរបស់វិស័យឯកជន អំពីទំនួលខុសត្រូវរបស់ពួកគេក្នុងការលើកកម្ពស់សុវត្ថិភាពការងារនៅការដ្ឋានផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានបន្តថា ឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា “ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃទីក្រុងនានានៅកម្ពុជា បានបង្កើតនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត”។
ឯកអគ្គរាជទូត Kang បានមានប្រសាសន៍បន្តថា ការដួលរលំនៃអគារធំៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសោកនាដកម្មនៅកម្ពុជា។ យើងបានមើលឃើញពីភាពចាំបាច់របស់អូស្ត្រាលី ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពទៅកាន់សំណើសុំការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពរបស់កម្មករសំណង់ ក្រុមគ្រួសារពួកគេ និងសាធារណជន រួមទាំងហានិភ័យនានាទាក់ទងនឹងជំងឺកូវីដ-១៩។
នាឱកាសនោះ លោក ជា សុផារ៉ា មានប្រសាសន៍ថា ចាប់តាំងពីប្រទេសកម្ពុជាបានអនុម័តច្បាប់ស្តីពីសំណង់ក្នុងឆ្នាំ២០១៩មក កម្ពុជាបាននិងកំពុងធ្វើការឥតឈប់ឈរលើការអនុវត្តច្បាប់នេះ។ លោក បានបន្តថា ស្តង់ដារសុវត្ថិភាពដែលអាចអនុវត្តបាននៅការដ្ឋានសំណង់ គឺជាការចាំបាច់និងមានសារៈសំខាន់ ពិសេសការគាំទ្ររបស់អូស្រ្តាលី ដើម្បីឱ្យកម្ពុជាអាចឈានទៅមុខយ៉ាងឆាប់រហ័ស។
បើតាមសេសក្ដីប្រកាសព័ត៌មានដដែនេះ បានបន្ថែមថា ការគាំទ្ររបស់អូស្រ្តាលីទៅលើសុវត្ថិភាពការងារក្នុងវិស័យសំណង់នេះ ជាផ្នែកមួយនៃកម្មវិធី «វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ» របស់អូស្រ្តាលី ដែលមានរយៈពេល៦ឆ្នាំ និងមានទឹកប្រាក់ចំនួន ៤៩.៤លានដុល្លារអូស្រ្តាលី។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០ អូស្រ្តាលីក៏បានរៀបចំឱ្យក្រុមការងារមន្រ្តីកម្ពុជាធ្វើដំណើរទៅប្រទេសអូស្ត្រាលី ដើម្បីរៀនសូត្រវគ្គខ្លីៗស្តីពីសុវត្ថិភាពសំណង់ ដែលរួមទាំងការត្រួតពិនិត្យពីការអនុវត្តសុវត្ថិភាពក្នុងការដ្ឋានសំណង់ និងជួបជាមួយទីភ្នាក់ងារអូស្ត្រាលីនានាដែលទទួលបន្ទុកផ្នែកត្រួតពិនិត្យបញ្ហាសុវត្ថិភាពសំណង់។ ទស្សនកិច្ចសិក្សានេះជាផ្នែកមួយនៃជំនួយគាំទ្ររបស់អូស្រ្តាលីលើសុវត្ថិភាពការងារក្នុងវិស័យសំណង់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)