ភ្នំពេញ៖ រយៈពេល៨ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធបានជាង ១,៥០០លានដុល្លារ។ បើតាមការថ្លែងឱ្យដឹងពី លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបន្តថា ចំណូល ៨ខែកន្លងមកនេះ យើងអនុវត្ដបាន ៦៤.២ភាគរយ នៃច្បាប់ផែនការ កំណត់ដោយច្បាប់ហិរញ្ញវត្ថុ។
ការអនុវត្តន៍ប្រមូលពន្ធនាំចូលលើយានយន្ត ជ្រកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល គឺជួយបង្កើនចំណូលពន្ធ ដែលធ្លាក់ចុះ ហើយក៏ជាប្រភពមួយ ក្នុងការបំពេញតម្រូវការចំណាយផងដែរ។ បើតាមការថ្លែងបន្តទៀតរបស់ លោក គុណ ញឹម បានបន្ថែមថា រថយន្តឯកជន ដែលជ្រកក្រោមស្លាកលេខរដ្ឋ ខ.ម និង ន.ប បច្ចុប្បន្ន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនទាន់មានតួរលេខ នៅក្នុងដៃនៅឡើយនោះទេ ប៉ុន្ដែគ្រាន់តែដឹងថា ប្រភពមកពីណា។
លោក បញ្ជាក់ ប្រភពទាំងនោះដូចជា នៅក្រសួងការពារជាតិ ដែលពន្ធដារ បានឱ្យតួលេខមកជាបណ្ដើរៗ និងក្រសួងមហាផ្ទៃ និង ន.ប, ខ.ម ផ្លាកលេខក្លែងក្លាយ និងរថយន្ដ ដែលផ្លាកលេខស៊ីវិល គ្មានពន្ធនាំចូល។ លោក គុណ ញឹម ក៏បានបង្ហាញពីផលលំបាក ក្នុងការអនុវត្ដបង្ក្រាបរថយន្ដទាំងនោះ ដោយគយបានជួបប្រទះ បញ្ហាស្មុគស្មាញជាច្រើន ដូចជា ផ្លាកលេខក្លែងក្លាយ និងមិនមែនជាមន្ដ្រី ដែលជារកស៊ី ប៉ុន្ដែពាក់លេខ ន.ប ខ.ម ផងដែរ។
ចំណូល ដែលប្រមូលបានដោយគយ គឺដើរតួនាទីសំខាន់ណាស់ ក្នុងថវិកាជាតិ ដោយមានអង្គភាពចំនួន ២ ជាអ្នកប្រមូលពន្ធអាករចូលថវិកាជាតិ គឺអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ បើតាមការបញ្ជាក់ បន្តរបស់ លោក គុណ ញឹម បានបន្ថែមទៀតថា អង្គភាពទាំង២នេះ គឺជាអ្នកប្រមូលពន្ធអាករនាំចេញ-នាំចូល ពីពាណិជ្ជកម្មអន្ដរជាតិ ហើយអគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធអាករ លើផ្ទៃក្នុងប្រទេស។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានបញ្ជាក់ទៀតថា ទំនិញដែលជាប្រភពចំណូលសំខាន់ ដែលប្រមូលដោយគយ គឺមាន៖ រថយន្ដ គ្រឿងចក្រ ម៉ូតូ និងប្រភេទយានយន្ដផ្សេងៗជាច្រើនទៀត។ លោក បានរម្លឹកថា កាលពីឆ្នាំ២០១៩ ចំណូលពីការនាំចូលយានយន្តរួមចំណែក ៥៣ភាគរយ នៃចំណូលសរុបរបស់គយ ហើយឆ្នាំ២០២០ ចំណូលគយបានពីការនាំចូលយានយន្តធ្លាក់ចុះត្រឹម ៤២ភាគរយ ដែលបណ្តាលមកពីការកើនឡើងនៃសកម្មភាពរត់ពន្ធយានយន្ត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)