Register Already an agent ? Login

អភិបាលខេត្តកំពត គាំទ្រលើគម្រោងបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ នៅសង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច ក្រុងបូកគោ

កំពត៖ លោក ជាវ​ ​តាយ​ អភិបាលខេត្តកំពត គាំទ្រលើគម្រោងបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ នៅសង្កាត់ព្រែកត្នោត​ និងសង្កាត់កោះតូច​ ក្រុងបូកគោ បន្ទាប់ពីបានស្តាប់នូវបទបង្ហាញ​ និងមតិចូលរួមក្នុងកិច្ចប្រជុំរួចមក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។ បើតាមរដ្ឋបាលខេត្តកំពត។

រដ្ឋបាលខេត្តកំពតបានបន្តថា លោក ជាវ តាយ ចាត់អភិបាលរងទទួលបន្ទុកបង្កើតក្រុមការងារចុះពិនិត្យទីតាំង​ ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយផែនទីដើម្បីឈានទៅការចុះហត្ថលេខា។

លោក អភិបាលខេត្តកំពត បានគាំទ្រការលើកឡើងគ្រប់ជំនាញពាក់ព័ន្ធនឹងធ្វើការបែងចែកច្បាស់លាស់តំបន់វិនិយោគ និងតំបន់អភិរក្សដែលជាចំណុចសំខាន់ក្នុងកិច្ចប្រជុំជាពិសេសត្រូវចូលរួមទាំងអស់គ្នា ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិទាំងអស់នេះ ដើម្បីធ្វើការទាក់ទាញអ្នកវិនិយោគ​ ជាកន្លែងទេសចរណ៍និងអភិរក្សធនធានធម្មជាតិដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់នោះក៏ដូចជាខេត្តកំពតទាំងមូល។ បើតាមការបន្តរបស់រដ្ឋបាលខេត្តកំពត។

នៅក្នុងកិច្ចប្រជុំខាងលើ លោក អភិបាលខេត្តកំពត ក៏បានសំណូមពរដល់ជំនាញក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នាឱ្យបានល្អពន្លឿនកិច្ចការនេះឱ្យបានឆាប់រហ័សដូចអ្វីដែលបានលើកឡើង ដើម្បីឈានទៅដល់ការចុះហត្ថលេខាកំណត់លើប្លង់ដែលយើងបានធ្វើការអភិរក្ស។ បើតាមរដ្ឋបាលខេត្តដដែល។

បើតាមរដ្ឋបាលខេត្តដដែល បានបញ្ជាក់ តំបន់គ្រប់គ្រងជលផលសមុទ្រ គឺជាដែននេសាទដែលមានព្រំប្រទល់ទំហំ និងមាននិយាមកាព្រមទាំងមានផែនការគ្រប់គ្រងច្បាស់លាស់ ដើម្បីការនេសាទជាលក្ខណៈគ្រួសារប្រកបដោយនិរន្តរភាព ការពារជីវៈចម្រុះប្រកបដោយប្រសិទ្ធភាពលើកស្ទួយជីវភាពរស់នៅរបស់ប្រជានេសាទដើម្បីកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់វិស័យអេកូទេសចរណ៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)