ភ្នំពេញ៖ ស្ពានធំ ជាងគេនៅក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ២២៥ម៉ែត្រ ដែលសាងសង់ឡើងរំលងកាត់ទទឹងទឹកជ្រោះក្បាលឆាយ នៅចំណុចគីឡូម៉ែត្រលេខ១៧៨ បានលេចរូបរាងបណ្ដើរៗហើយ។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនចិនសាងសង់ បានបញ្ជាក់ឱ្យដឹង បច្ចុប្បន្ន ចំណុចនេះបានសម្រេចនូវការសាងសង់សសរឆ្នឹមស្ពានខ្ពស់ទីមួយ។
វឌ្ឍនភាព ផ្លូវគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ សម្រេចការសាងសង់បាន ៦៤ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដែលជាការបញ្ចប់មុនផែនការ។
ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះនៅតែបន្តដដែល មិនមានការប៉ះពាល់នោះទេ។ បើតាមការលើកឡើងកន្លងមករបស់ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកញ្ជូន។
ដូចគ្នានេះដែរ បើតាមការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ថា គម្រោងនេះជាក់ស្ដែង គឺនឹងបញ្ចប់មុនផែនការទៅទៀត ពោលគឺប្ដូរពីខែមីនា ឆ្នាំ២០២៣ មកត្រឹមខែកញ្ញា ឆ្នាំ២០២២ វិញ ព្រមជាមួយនឹងការបើកឱ្យជិះសាកល្បងឥតគិតថ្លៃ ១អាទិត្យ ឬ ១ខែដំបូង។ លោក បានបន្តថា លើសពីនេះ ក្រសួងក៏កំពុងចរចាឱ្យក្រុមហ៊ុនយកតម្លៃសេវាបើកបរលើផ្លូវនេះទាបផងដែរ ពោលគឺចង់បានតម្លៃទាបជាង ១០សេន ក្នុង១គីឡូម៉ែត្រ។
សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿននេះ ក្នុងគម្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារ កំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.៕
ដោយ៖ មឿន ឌីណា (Moeun Dyna)