ភ្នំពេញ៖ កម្ពុជា បាននាំចេញទៅកាន់អាមេរិក មានទំហំទឹកប្រាក់ជាង ៤,៦៨៦លានដុល្លារ ខណៈ អាមេរិកនាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ២៥១លានដុល្លារ រយៈពេល ៨ខែឆ្នាំ២០២១។ បើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានបន្តថា រយៈពេល ៨ខែនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៤,៩៣៨លានដុល្លារ កើនឡើង ៤០.១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួន ៣,៤៩៧លានដុល្លារ។
បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ «ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលិស កាបូប) កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែក កម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជា រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត»។
នៅក្នុងរបាយការណ៍ដដែលបានបន្តឱ្យដឹងថា រយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០១៥ ដល់២០២០ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិក មានកំណើនគួរឱ្យកត់សម្គាល់ដូចខាងក្រោម៖
-នៅឆ្នាំ២០១៥ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ ២,៣៦៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញបាន២,១៣៦លានដុល្លារ ខណៈ អាមេរិក នាំចូលមកកម្ពុជាវិញ មានតែ ២២៨លានដុល្លារប៉ុណ្ណោះ។ -នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក ហាក់ថមថយបន្តិច មានទឹកប្រាក់ ២,៣២០លានដុល្លារ ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅអាមេរិក នៅតែបន្តកើនឡើង ដោយនាំចេញបាន ២,១៤៧លានដុល្លារ ខណៈ អាមេរិក នាំចូលមកកម្ពុជាវិញ មានតែ ១៧៣លានដុល្លារប៉ុណ្ណោះ។
-ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ ២,៦០៥លានដុល្លារ ក្នុងនោះ កម្ពុជា នាំចេញបាន ២,៤០៨លានដុល្លារ ខណៈ អាមេរិក នាំចូលមកកម្ពុជាវិញ មានតែ ១៩៦លានដុល្លារប៉ុណ្ណោះ។ -ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ ៣,៤៣៨លានដុល្លារ ក្នុងនោះ កម្ពុជា នាំចេញបាន ៣,០៥១លានដុល្លារ ខណៈ អាមេរិក នាំចូលមកកម្ពុជាវិញ មានតែ ៣៨៦លានដុល្លារប៉ុណ្ណោះ។
-ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង ៤,៧១៣លានដុល្លារ ក្នុងនោះ កម្ពុជា នាំចេញបាន៤,៤០២លានដុល្លារ ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែជាង ៣១១លានដុល្លារប៉ុណ្ណោះ។ -ឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង ៥,៥០៩លានដុល្លារ ក្នុងនោះ កម្ពុជា នាំចេញបាន៥,២៥៨លានដុល្លារ ខណៈ អាមេរិក នាំចូលមកកម្ពុជាវិញ មានតែជាង ២៥០លានដុល្លារប៉ុណ្ណោះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)