កោះកុង៖ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង បានអមដំណើរ លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងស្នើសុំជួលដីរដ្ឋទំហំ ៣៦,៨៧ហិកតា រយៈពេលខ្លី (ក្រោម១៥ឆ្នាំ) ដើម្បីវិនិយោគវារីវប្បកម្ម បង្កាត់ពូជត្រី និងចិញ្ចឹមក្តាម ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។ បើតាមរដ្ឋបាលខេត្តកោះកុង។
រដ្ឋបាលខេត្តកោះកុង បានបន្តថា នាឱកាសនោះ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានគូសបញ្ជាក់ថា ចំពោះការវិនិយោគលើវិស័យជលផល នាពេលនេះ ពុំមានអ្វីគួរឱ្យលំបាកនោះទេ ពោលគឺក្រុមហ៊ុនវិនិយោគគ្រាន់តែបំពេញតាមសំណើរទាំង ៤ចំណុចដែលរួមមាន៖
ទី១-សូមអ្នកវិនិយោគធ្វើការសិក្សាឱ្យបានច្បាស់លាស់អំពីសក្តានុពល ភាពអំណោយផល និងប្រភេទនៃវារីវប្បកម្ម (ត្រី និងក្តាម) ដែលគ្រោងនឹងយកមកចិញ្ចឹម ដើម្បីឱ្យត្រូវនឹងស្ថានភាពភូមិសាស្រ្តនៃតំបន់នេះ។
ទី២-សូមសិក្សាឱ្យបានច្បាស់លាស់ អំពីបច្ចេកទេសនៃការគ្រប់គ្រងគម្រោងវារីវប្បកម្មនេះ ប្រកបដោយប្រសិទ្ធភាព ជៀសវាងការប៉ះពាល់ដល់បរិស្ថាន ដល់សហគមន៍ និងការបំពុលចូលសមុទ្រ។
ទី៣-សូមចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ នៅក្នុងនិងក្បែរទីតាំងគម្រោងធ្វើអាជីវកម្មវារីវប្បកម្មនេះ ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន និងជីវចម្រុះ។
ទី៤-រាល់ការសាងសង់ និងអនុវត្តគម្រោងវារីវប្បកម្ម ត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋានគតិយុត្តនានា ដែលមានចែងជាធរមាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)