Register Already an agent ? Login

គម្រោងវិនិយោគវារីវប្បកម្ម និងធ្វើកំពង់ផែខ្នាតតូច លើផ្ទៃដីជាង ៣០០ហិកតា អាជ្ញាធរខេត្តកោះកុង មន្រ្តីក្រសួងបរិស្ថានបើកភ្លើងខៀវ

កោះកុង៖ ក្រុមហ៊ុនឯកជនក្នុងស្រុក បានទទួលការយល់ព្រមពីអាជ្ញាធរខេត្តកោះកុង និងមន្រ្តីក្រសួងបរិស្ថាន លើគម្រោងចំនួន២ គឺគម្រោងវារីវប្បកម្មក្តាមតាមបែបធម្មជាតិ ដីទំហំ ៣៦៩ហិកតា និងគម្រោងសាងសង់កំពង់ផែខ្នាតតូច ដីទំហំ ៧៧៦៧ម៉ែត្រការ៉េ ដែលគម្រោងទាំង២ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។ បើតាមរដ្ឋបាលខេត្តកោះកុង។

រដ្ឋបាលខេត្តកោះកុង បានបន្តឱ្យដឹងថា លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង បានអមដំណើរ លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូក្រុមការងារអន្តរក្រសួង ចុះប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះពិនិត្យ សិក្សា និងវាយតម្លៃដីជាក់ស្តែងលើដីសាធារណៈរបស់រដ្ឋ ក្រោយទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការជួលឱ្យវិស័យឯកជនក្នុងការវិនិយោគ លើគម្រោងចំនួន ២ ខាងលើ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយកិច្ចប្រជុំផ្សព្វផ្សាយក្រុមការងារអន្តរក្រសួង បានចុះពិនិត្យទីតាំងជាក់ស្តែង លោក ស្រ៊ុន ដារិទ្ធ បានណែនាំឱ្យតំណាងក្រុមហ៊ុន ត្រូវរៀបចំគ្រោងការ និងផែនការវិនិយោគឱ្យបានរួចរាល់ និងត្រូវស្នើសុំការបោះបង្គោលព្រំឱ្យបានច្បាស់លាស់ ទើបក្រុមការងារអន្តរក្រសួង នឹងចុះមកពិនិត្យ សិក្សា និងវាយតម្លៃលើការជួលដី ដែលជាសម្បត្តិរបស់រដ្ឋនេះម្តងទៀត ចំណែកស្ថាប័នសំខាន់ក្នុងការវាយតម្លៃការជួលដីរដ្ឋនេះ គឺជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បើតាមរដ្ឋបាលខេត្តដដែល។

ប្រធានប្រតិភូក្រុមការងារអន្តរក្រសួង លោក ស្រ៊ុន ដារិទ្ធ បានបញ្ជាក់ថា គម្រោងទាំង ២នេះពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាជនមូលដ្ឋាន និងជាផ្នែកមួយនៃសេដ្ឋកិច្ចជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)