Register Already an agent ? Login

ចិន រួមទាំងទីក្រុងហុងកុង និងម៉ាកាវ ជាទីផ្សារធំជាងគេក្នុងការនាំចេញអង្កររបស់កម្ពុជា ៤៨% រយៈពេល៨ខែឆ្នាំ២០២១

ភ្នំពេញ៖ រយៈពេល ៨ខែឆ្នាំ២០២១ ទីផ្សារដ៏ធំនាំចេញអង្កររបស់កម្ពុជា គឺប្រទេសចិន រួមទាំងទីក្រុងហុងកុង និងម៉ាកាវ ៤៨ភាគរយ ឬបរិមាណ ១៦៥,៦១២តោន ប្រទេសបារាំង ១១.២០ភាគរយ ឬបរិមាណ ៣៨,៤៦៥តោន ប្រទេសហ្កាប៊ុង ៨ភាគរយ ឬបរិមាណ ២៧,៥៩៨តោន ប្រទេសម៉ាឡេស៊ី ៧.២១ភាគរយ ឬបរិមាណ ២៤,៧៥៧តោន ប្រទេសហូឡង់ ៣.៧៨ភាគរយ ឬបរិមាណ ១២,៩៨៩តោន ក្រៅពីនេះ គឺ៤៦ គោលដៅផ្សេងទៀតរួមចំណែក ២១.៥៥ភាគរយ។ បើតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តឱ្យដឹងថា ចំណូលពីការនាំចេញស្រូវ និងអង្ករ ក្នុងខែសីហា ឆ្នាំ២០២១ បានចំនួន ១០០លានដុល្លារ។

នៅក្នុងរបាយការណ៍បានបន្តថា ការនាំអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិក្នុងខែសីហា ឆ្នាំ២០២១ បានចំនួន ៣៣,៥៨២តោន គិតជាទឹកប្រាក់ស្មើនឹង ២៤.៥លានដុល្លារ។ បរិមាណនេះ បើធៀបទៅនឹងខែសីហា ឆ្នាំ២០២០ គឺមានការកើនឡើងជាង ៥១ភាគរយ ដែលក្នុងនោះ ចំណោះចំណែកទីផ្សារ ប្រទេសចិននៅតែបន្តនាំមុខ មានចំនួន ៣៥ភាគរយ សហគមន៍អឺរ៉ុបចំនួន ៣៣ភាគរយ ទីផ្សារនៅក្នុងសហគមន៍អាស៊ានមានចំនួន ១៨ភាគរយ ទីផ្សារផ្សេងៗមានចំនួន ១៤ភាគរយ។

ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យប្រព័ន្ធភស្តុភារ ដឹកជញ្ជូនជួបប្រឈមក្នុងកម្រិតខ្ពស់ ជាពិសេស គឺតម្លៃនៃការដឹកជញ្ជូនតាមកប៉ាល់ និងកង្វះទូរកុងតឺណឺ សម្រាប់អង្ករទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប បានធ្វើឱ្យបរិមាណនៃការនាំចេញមានការធ្លាក់ចុះចំនួន ២៣.៣៧ភាគរយ ពិសេស គឺការធ្លាក់ចុះយ៉ាងគំហុកនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១។ បើតាមការបញ្ជាក់ នៅក្នុងរបាយការណ៍ដដែល បានបន្ថែមថា សម្រាប់ខែសីហា ឆ្នាំ២០២១ ការនាំចេញស្រូវប្រភេទ ស្រូវប្រាំងបានចំនួន  ៣៧៤,៩០៩តោន គិតជាទឹកប្រាក់ប៉ាន់ស្មានចំនួន ៧៥លានដុល្លារ។

ការធ្លាក់ចុះ​បរិមាណ​អង្ករ​នាំចេញ​ក្នុងអំឡុងពេល ៨​ខែ ដើមឆ្នាំ​២០២១ គឺ​ដោយសារ​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​ការនាំ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​មាន​បរិមាណ ៨៨,២៧១​តោន ថយចុះ ៤១.០៩​ភាគរយ តំបន់​អាស៊ាន ៣៥,៥៥៣​តោន ថយចុះ ៤១.៦៥​ភាគរយ និង​ទិសដៅ​ដទៃទៀត​ (២២ ​ប្រទេស​) មាន​បរិមាណ ៥៤,០១១​តោន ថយចុះ ៣០.៩០ ​ភាគរយ​។ ទោះយ៉ាងណា បរិមាណ​ការនាំ​អង្ករ​ទៅ​ប្រទេស​ចិន​មាន ១៦៥,៦១២​តោន កើនឡើង ៣.៩៩​ភាគរយ​។ បើតាមរបាយការណ៍របស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមរម្លឹកថា កាលពី​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប ៦៩០,៨២៩​តោន​ ដោយមាន​តម្លៃ​ជិត ៥៣៩ លាន​ដុល្លារ កើនឡើង ១១,៤០ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៩​៕

ដោយ៖ ដោយ៖ មឿន​ ឌីណា (Moeun Dyna)