កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ អភិបាលរងខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលទីតាំងថ្មីសម្រាប់សាងសង់អាគាររដ្ឋបាលសាលាសង្កាត់កំពង់ចាម និងសាលាសង្កាត់វាលវង់ ស្ថិតនៅក្នុងក្រុងកំពង់ចាម។ បើតាមរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ សម្រាប់ទំហំដីមិនទាន់កំណត់ថាប៉ុន្មាននៅឡើយទេ។
បើតាមរដ្ឋបាលខេត្តកំពង់ចាមបន្តថា ដោយសារសង្កាត់ទាំងពីរខាងលើ ពុំទាន់មានអាគាររដ្ឋបាលសម្រាប់ធ្វើការឱ្យសមរម្យនៅឡើយទេ ឯទីធ្លាសាលាសង្កាត់ក៏តូចចង្អៀត ហេតុនេះអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ក៏សម្រេចរកទីតាំងថ្មី។
ការសម្រេចរកទីតាំងថ្មី ដើម្បីសាងសង់អគាររដ្ឋបាលសាលាសង្កាត់ទាំងពីរនេះឡើងឱ្យស្របទៅតាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវចំណាយលើគម្រោងថវិការបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២២៕
ដោយ៖ មឿន ឌីណា (Moeun Dyna)