Register Already an agent ? Login

ដើមខែ៩ ចលនាទេសចរក្នុងស្រុក ខេត្តកំពតទទួលបានភ្ញៀវច្រើនជាងគេ ក្នុងចំណោមរាជធានី ខេត្ត៣ទៀត

ភ្នំពេញក្នុងសប្ដាហ៍ទី១ នៃខែកញ្ញា ឆ្នាំ២០២១ (ថ្ងៃទី៤-៥) នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរប្រមាណ ៥១,០៤២នាក់ ក្នុងនោះមានភ្ញៀវជាតិ ៥០,១៣៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩០៨នាក់។ បើតាមការថ្លែងឱ្យដឹងពី រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ «ក្នុងចំណោមរាជធានី ខេត្ត៣ គឺខេត្តកំពតទទួលបានភ្ញៀវចំនួន ២៣,៧៨៧នាក់»។

លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពត ២៣,៧៨៧នាក់ ខេត្តកែប ៤,៩៥៥នាក់, រាជធានីភ្នំពេញ ៤,១៩០នាក់, ខេត្តសៀមរាប ៤,០៤៣នាក់, ខេត្តតាកែវ៖ ៣,៧០២នាក់។

សកម្មភាពទេសចរណ៍ផ្ទៃក្នុង ចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បើទោះបីចំនួនភ្ញៀវសរុបនៅមិនទាន់មានចំនួនច្រើននៅឡើយ។ បើតាមការលើកឡើងរបស់ លោក ថោង ខុន។

លោក រដ្ឋមន្រ្តីក្រសួងទេសចរ បានលើកឡើងបន្តថា រដ្ឋបាលខេត្ត ភាគច្រើនបានអនុញ្ញាតឱ្យមានការដំណើរការឡើងវិញសកម្មភាពទេសចរណ៍នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្រោមការគ្រប់គ្រងប្រកបដោយភាពហ្មត់ចត់ និងប្រយ័ត្នប្រយែង ពិសេសការពង្រឹងការអនុវត្តវិធានការ «៣-កុំ និង ៣-ការពារ» ខណៈដែលរាជធានី-ខេត្តមួយចំនួន នៅបន្តផ្អាកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានានៅឡើយ។

គួរម្លឹកផងដែរថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ រួមមាន៖  អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

ការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទាំង ៤នេះ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ទទឺមនេះដែរ ក្រសួងទេសចរណ៍នៅតែបន្តពិភាក្សាជាមួយរដ្ឋបាលខេត្តផ្សេងៗទៀត លើការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដោយពិនិត្យពិចារណាលើការបើកដំណើរការសកម្មភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយឈរលើអភិក្រមបុរេសកម្ម ភាពបត់បែន និងជាក់ស្តែងនិយម ពិសេសដើម្បីត្រៀមក្នុងរដូវភ្ជុំបិណ្ឌដែលជិតមកដល់ និងចូលរួមត្រៀមរៀបចំការបើកទទួលទេសចរអន្តរជាតិឡើងវិញនៅពេលខាងមុខផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun  Dyna)