ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទឹកស្អាត ដែលមាន ១៥ជំពូក និង៩១មាត្រា ត្រូវបានពិនិត្យ ពិភាក្សាស៊ីជម្រៅ ដោយឆ្លងកាត់មន្ត្រីជំនាញអន្តរក្រសួង ក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈកម្មការសេដ្ឋកិច្ច សង្គម និងវប្បធម៌ បានប្រឹងប្រែងពិភាក្សាកែលំអរ និងផ្តល់ធាតុចូលជាច្រើនធ្វើឱ្យច្បាប់នេះ មានលក្ខណៈកាន់តែសុក្រឹតគ្រប់ជ្រុងជ្រោយ ប្រមាណ ៦ឆ្នាំ ពីឆ្នាំ២០១៦ ដល់ត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានអនុម័តដោយអន្តរក្រសួង។ បើតាមការថ្លែង របស់ លោក ចម ប្រសិទ្ធ បញ្ជាក់ថា «ច្បាប់នេះ នឹងដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រី អនុម័តនាពេលឆាប់ៗខាងមុខនេះ»។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងបន្តឱ្យដឹងថា មុននឹងឈានដល់ដំណាក់កាលនេះ ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដែលបានព្រាងឡើងតាំងពីឆ្នាំ២០១៦មក បានឆ្លងកាត់ការពិភាក្សាកម្រិតជំនាញ កិច្ចប្រជុំតូច ធំ និងសិក្ខាសាលាជាច្រើនលើកច្រើនសារ ដែលយើងកត់សម្គាល់ថា មានលក្ខណៈស្ទើរគ្រប់ជ្រង់ជ្រោយទៅហើយ ទើបពេលនេះយើងអាចពិនិត្យនិងពិភាក្សាក្នុងក្របខ័ណ្ឌអន្តរក្រសួងបានឆាប់រហ័សមុនកាលកំណត់ ។
នៅក្នុងកិច្ចប្រជុំអន្តរក្រសួង តាមប្រព័ន្ធវីដេអូ ពិនិត្យនិងពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទឹកស្អាត កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ លោក ចម ប្រសិទ្ធ បានថ្លែងបញ្ជាក់ថា « ច្បាប់នេះមានសារៈសំខាន់ ដោយមានការគិតគូរតាំងពីចុងឆ្នាំ២០១៣មកម្ល៉េះ ពីព្រោះខ្ញុំយល់ថា ការផលិតទឹកស្អាតត្រូវតែមានច្បាប់គ្រប់គ្រងត្រឹមត្រូវមួយ បើមិនដូច្នេះទេយើងមិនអាចសម្រេចបានតាមគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលកំណត់យកឆ្នាំ២០២៥ តំបន់ទីប្រជុំជននឹងមានទឹកស្អាតប្រើប្រាស់ ១០០ភាគរយ និងឆ្នាំ២០៣០ ទឹកស្អាតសម្រាប់ទាំងអស់គ្នា នោះទេ»។
លោក រដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ម៉្យាងច្បាប់នេះ ជាច្បាប់ដែលបម្រើផលប្រយោជន៍សាធារណៈ ប្រជាជន និងសេដ្ឋកិច្ចទាំងមូល ដែលខ្ញុំមានការរីករាយ។ លោក ចម ប្រសិទ្ធ បានបន្ថែមទៀតថា បន្ទាប់ពីច្បាប់នេះចេញហើយ ស្ថាប័នពាក់ព័ន្ធទាំងអស់មិនត្រឹមតែអនុវត្តមិនមានការជាន់សមត្ថកិច្ចគ្នាទេ តែបានក្លាយទៅជាដៃគូសហការ និងបែងចែកភារកិច្ចគ្នាធ្វើប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនម្ចាស់ឆ្នោត។
គួរកត់សម្គាល់ថា៖ សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទឹកស្អាត រៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ច្បាប់នេះមានគោលបំណងកំណត់អំពីក្របខណ្ឌគតិយុត្តសម្រាប់គ្រប់គ្រងនិងអភិវឌ្ឍន៍ ការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ព្រមទាំងចូលរួមលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។
សូមបញ្ជាក់ថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលមានលក្ខណៈអាជីវកម្មនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយអង្គប្រជុំបានជជែកពិភាក្សាស៊ីជម្រៅលើការប្រើប្រាស់វាក្សសព្ទសំខាន់ៗនៅក្នុងច្បាប់នេះ ដើម្បីកំណត់និយមន័យឱ្យបានច្បាស់លាស់ ជៀសវាងភាពស្រពេចស្រពិល ដែលបង្កឱ្យមានការភាន់ច្រឡំនៅក្នុងចំណោមមន្ត្រីអនុវត្តច្បាប់ និងធានាការអនុវត្តប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)