Register Already an agent ? Login

សម្ដេច ហ៊ុន សែន៖ ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមចម្បង បានគំរាមកំហែងដល់សុខភាពមនុស្សជាតិទាំងមូល

ភ្នំពេញ៖ បញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុនៅតែជាបញ្ហាប្រឈមដ៏ចម្បង និងក្ដៅគគុក សម្រាប់មនុស្សជាតិទាំងមូល ដែលបន្តគំរាមកំហែងដល់សុខភាពមនុស្ស សន្តិសុខស្បៀង ហេដ្ឋារចនាសម្ព័ន្ធ-សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី ជារួម តាមរយៈការបង្កនូវគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃជាដើម។ បើតាមសន្ទរកថា​របស់ សម្ដេចតេជោ ហ៊ុនសែន ក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន»។

សន្ទរកថារបស់ សម្ដេចតេជោ ហ៊ុនសែន បានបន្តថា ការណ៍នេះ ឆ្លុះបញ្ចាំងឱ្យយើងឃើញពីភាពចាំបាច់នៃ «ការធ្វើបដិវត្តថាមពលឱ្យបានលឿន និងប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាត អាចកើតឡើងវិញ និងមានប្រសិទ្ធភាពជាងមុន»។

ជាមួយគ្នានេះ ការអភិវឌ្ឍថាមពលកាបូន ជាបច្ចេវិទ្យាធ្យូងថ្មស្អាត ការប្រើប្រាស់បច្ចេកទេសទុកកាបូន ការប្រើបច្ចេកវិទ្យាផលិតអ៊ីដ្រូសហ្សែនពីធ្យូងថ្មជាដើម នឹងក្លាយជាវិធីសាស្រ្តដ៏ចាំបាច់ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុក្នុងទ្រង់ទ្រាយធំ។

សន្ទរកថារបស់ ប្រមុខរាជរដ្ឋារភិបាល បានបន្តទៀតថា ថ្វីត្បិតតែ កម្ពុជា ជាប្រទេសដែលមានកម្រិតនៃការអភិវឌ្ឍទាប រាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ និងកំណត់យកថាមពល អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោលនយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម «ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗគ្នាទៅតាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន»។

ជាក់ស្ដែង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានដាក់ជូនលេខាដ្ឋាននៃអនុសញ្ញាប្រកខណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ នូវរបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ ដោយបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានប្រមាណ ៦៤.៦លានតោន សមមូលឧស្ម័នកាបូន ត្រឹមឆ្នាំ២០៣០ នៅក្នុងវិស័យព្រៃឈើ ថាមពល ឧស្សាហកម្ម កសិកម្ម និងការគ្រប់គ្រងសំណល់។ បើតាមការបន្ថែម នៅក្នុងសន្ទរកថា​របស់ សម្ដេចតេជោ ហ៊ុនសែន បានបន្ថែមទៀតថា បន្ថែមពីនេះ កម្ពុជា ក៏បាននិងកំពុងខិតខំរៀបចំយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ដោយរំពឹងថានឹងចប់សព្វគ្រប់នៅចុងឆ្នាំ២០២១នេះ។

បើតាម សន្ទរកថារបស់ ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងពីបញ្ហាដែលត្រូវដោះចំពោះមុខ គឺការដោះស្រាយថាមពល អាកាសធាតុ និងបរិស្ថាន ជាកិច្ចការលំបាកមួយដែលទាមទារឱ្យមានការចូលរួមប្រកបដោយស្មារទីទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធអស់។ ក្នុងនេះ សម្ដេច តេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យមានការពង្រីកកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតឱ្យបាននូវអនាគតបៃបងរួមគ្នាមួយ ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ចោលឡើយ។

ប្រទេសកម្ពុជា ទទួលបានជោគជ័យក្នុងការចូលរួមទីផ្សារកាបូនស្ម័គ្រចិត្ត ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយកម្ពុជាកំពុងរៀបចំការងារមួយចំនួនទៀត នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ។ កម្ពុជាចាត់ទុកឥណកាបូនជាប្រភពធនធានហិរញ្ញប្បទាន ប្រកបដោយចីរភាពដ៏សំខាន់មួយ សម្រាប់សកម្ម​ភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាបើកចំហទទួលការចូលរួមនូវក្នុងភាពជាដៃគូជាមួយបណ្ដាប្រទេស និងវិស័យឯកជននានា ដែលមានចំណាប់អារម្មណ៍។ បើតាម សន្ទរកថា​របស់ សម្ដេចតេជោ ហ៊ុនសែន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)