Register Already an agent ? Login

ក្រសួងទេសចរណ៍ ដាក់ឱ្យអនុវត្តស្តង់ដារប្រតិបត្តិអប្បបរមាតាមគន្លងប្រក្រតីភាពថ្មី ដល់ប្រភេទអាជីវកម្មទេសចរណ៍ធំៗចំនួន៤

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្ត «ការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ដែលកំពុងធ្វើសកម្មភាព ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ រួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ ការប្រកាសដាក់ឱ្យអនុវត្តបទដ្ឋាន SOP ដ៏សំខាន់បំផុតនេះ ត្រូវបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តស្ដង់ដារ SOP តាមគន្លងប្រក្រតីភាពថ្មី តាមប្រព័ន្ធវីដេអូអនឡាញ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក ថោង ខុន បានថ្លែងថា ការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ខាងលើ បានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មីតាមស្ថានភាពបច្ចុប្បន្ន។ លោក បញ្ជាក់ «វិធានសុវត្ថិភាពនេះ ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍»។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានស្នើសុំរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធត្រូវចុះអនុវត្ត ចុះណែនាំ និងផ្សព្វផ្សាយដល់គ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរាយការណ៍ជាប្រចាំ ពិសេសត្រូវអប់រំប្រជាពលរដ្ឋ ភ្ញៀវទេសចរ បុគ្គលបម្រើការនៅតាមគោលដៅទេសចរណ៍នីមួយៗ និងប្រតិបត្តិករទេសចរណ៍ដែលជាដៃគូសហការ ដើម្បីពង្រឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ និងធានាឱ្យបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ។

នៅពេលអាជីវកម្មទេសចរណ៍ទាំង ៤ អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីទាំងនេះបានត្រឹមត្រូវ នឹងទទួលបានក្ដីទុកចិត្តពីសំណាក់ភ្ញៀវទេសចរ។ បើតាមការលើកឡើងរបស់ លោក រដ្ឋមន្រ្តី បានបន្តថា យើងទាំងអស់គ្នានឹងចូលរួម ប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីជំរុញការទាក់ទាញទេសចរក្នុងស្រុក និង អន្តរជាតិ។

«មូលដ្ឋានអាជីវកម្មទេសចរណ៍ណា បំពេញបានតាមលក្ខណៈវិនិច្ឆ័យដូចបានកំណត់ក្នុងវិធានសុវត្ថិភាពទេសចរណ៍ នឹងទទួលបានលិខិតបញ្ជាក់ទទួលស្គាល់អាជីវកម្មដែលមានសុវត្ថិភាពប្រឆាំងនឹងកូវីដ-១៩»។ បើតាមការបញ្ជាក់ របស់ លោក ថោង ខុន បានជំរុញឱ្យមានការអនុវត្តបទដ្ឋានគតិយុត្តខាងលើនេះ គឺដើម្បីជួយឱ្យអាជីវកម្មទេសចរណ៍ទាំង ៤ប្រភេទធំៗខាងលើ អាចធ្វើសកម្មភាពអាជីវកម្មរបស់ខ្លួនបានផង និងសម្របខ្លួនរៀនរស់ក្នុងប្រក្រតីភាពថ្មីមួយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)