ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនជប៉ុន វិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤៥គម្រោង ដែលមានទុនប្រមាណ ២,៨ប៊ីលានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦៦គម្រោង ទុនប្រមាណ ៣៤០លានដុល្លារ គិតត្រឹមខែកក្កដា ឆ្នាំ២០២១។ បើតាមកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា ភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងឆមាសទី១ ឆ្នាំ២០២១ បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០ភាគរយ ឬ ៣១៥លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួនគម្រោងមានការថយចុះ ៦៣គម្រោង ឬស្មើនឹង ៧២ភាគរយ។
ទោះជាចំនួនគម្រោងវិនិយោគបានធ្លាក់ចុះ ប៉ុន្តែទុនវិនិយោគបានកើនឡើងនេះ ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន ដូចជាគម្រោងរោងចក្រអគ្គិសនី ធ្យូងថ្មអានុភាព ៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd តម្លៃ ១,៣ ពាន់លានដុល្លារ រោងចក្រផលិតក្រដាសរបស់ក្រុមហ៊ុន Shunying Pulp and Paper Company Limited តម្លៃ ៥០៤លានដុល្លារ និងរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Cart Tire Co., Ltd. តម្លៃ ៣៥០លានដុល្លារ។
ក្នុងចំណោមគម្រោងទាំងអស់ មានគម្រោងវិនិយោគថ្មីក្រៅតំបន់សេដ្ឋកិច្ចពិសេស ៥៣គម្រោង (តម្លៃជាង ៩០០លានដុល្លារ) ការពង្រីកផលិតកម្មចំនួន ១១គម្រោង (ជាង១៥០ លានដុល្លារ) និងគម្រោងវិនិយោគថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេស ២៣គម្រោង (១,៨ ពាន់ដុល្លារ)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)