Register Already an agent ? Login

រយៈពេល ៨ខែឆ្នាំ២០២១ កម្ពុជានាំចេញកសិផលទៅ ៦៦ប្រទេស ចំនួនជាង ៥លានតោន ទទួលបានចំណូលជាង ៣,២ពាន់លានដុល្លារ

ភ្នំពេញ៖ ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល ៨ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣,២៣២,៤៤៥,៧៦៧ដុល្លារ ដែលក្នុងនោះ៖ -ការនាំចេញអង្ករមានចំនួន ២៩១,៩២៩,៩៥០ដុល្លារ -ការនាំចេញស្រូវមានចំនួន ៣៩៣,២១៩,៧៥០ដុល្លារ -ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២,៥៤៧,២៩៦,០៦៧ដុល្លារ។ បើតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អគ្គនាយកដ្ឋានខាងលើ បានបញ្ជាក់ឱ្យដឹងថា ការនាំចេញកសិផលសរុបក្នុងរយៈពេល ៨ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៦៨ភាគរយ ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១០,១៥ភាគរយ រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៣,៣៧ភាគរយ ដោយសារកង្វះទូរកុងតេន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង។

ក្នុងរយៈពេល ៨ខែឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៥,៥៤៤,៨៩៤.៨៧តោន ទៅកាន់ទិសដៅ ៦៦ប្រទេស គឺមានការកើនឡើងចំនួន ២,៦២១,៥៦៦.០៣តោនស្មើនឹង ៨៩,៦៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២,៩២៣,៣២៨.៨៤តោន។ កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖

១-ការនាំចេញអង្ករ បរិមាណអង្ករនាំចេញមានចំនួន ៣៤៣,៤៤៧តោន មានការថយចុះចំនួន ១០៤,៧៥៦តោន (-២៣,៣៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល ៨ខែឆ្នាំ២០២០ ដែលមានចំនួន ៤៤៨,២០៣តោន។ -ការនាំចេញអង្ករក្នុងខែសីហា ឆ្នាំ២០២១ មានចំនួន ៣៣,៥៨២តោន កើនឡើងចំនួន ១១,៤៥២តោន (៥១,៧៥%) បើធៀបនឹងខែសីហា ឆ្នាំ២០២០ ដែលមានចំនួន ២២,១៣០តោន។ -អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២៤២,៤៣២តោន ស្មើនឹង ៧០,៥៩ភាគរយ អង្ករសគ្រប់ប្រភេទមានចំនួន ៩៤,៤៤១តោន ស្មើនឹង ២៧,៥០ភាគរយ និងអង្ករចំហុយមានចំនួន ៦,៥៧៤តោន ស្មើនឹង ១,៩១ភាគរយ។

បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២២ប្រទេស មានបរិមាណសរុបចំនួន ៨៨,២៧១តោន (ថយចុះចំនួន ៦១,៥៧៧តោន ស្មើនឹង -៤១,០៩%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៦៥,៦១២តោន (កើនឡើងចំនួន ៦,៣៥៩តោន ស្មើនឹង ៣,៩៩%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៣៥,៥៥៣តោន(ថយចុះចំនួន ២៥,៣៨០តោន ស្មើនឹង -៤១,៦៥%) និងទិសដៅដទៃទៀតចំនួន ២២ប្រទេស មានបរិមាណសរុប ៥៤, ០១១តោន (ថយចុះចំនួន ២៤ ១៥៨តោន ស្មើនឹង -៣០,៩០%)។

ក្រុមហ៊ុន ដែលបាននាំចេញអង្ករមានចំនួន ៥៩ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២៤៧,៩០៣តោន (៧២,១៨%) និងក្រុមហ៊ុន ៤៩ដទៃទៀតបាននាំចេញត្រឹមតែ ៩៥,៥៤៤តោន (២៧,៨២%)។

២-ការនាំចេញស្រូវ ក្នុងរយៈពេល៨ខែឆ្នាំ២០២១ ការនាំចេញស្រូវមានចំនួន ២,៣៨៣,១៥០តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១,៥៦៤,៩៥២.៥២តោន) ដែលមានការកើនឡើងចំនួន ១,១០១,៤៣១តោន (៨៥,៩៣%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១,២៨១,៧១៩តោន។

៣-ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ មានចំនួន ៣,៦៣៦,៤៩៥.៣៥តោន កើនឡើងចំនួន ១,១៦១,៣៦៩.៥១តោន ស្មើនឹង ៤៦,៩២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២,៤៧៥,១២៥.៨៤តោន ដែលក្នុងនោះរួមមាន៖

-ចំណិតដំឡូងមីក្រៀមមានចំនួន ១,២៨៣,៩០៣.១២តោន (កើនឡើងចំនួន ១២,១៧%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៥២,៨០០តោន ប្រទេសវៀតណាមចំនួន ៤១១,៤៥១.៥៦តោន និងប្រទេសចិនចំនួន ១៩,៦៥១.៥៦តោន។ -ដំឡូងមីស្រស់មានចំនួន ៤៦៩,៣០០តោន (ថយចុះចំនួន -៤,៦៦%) ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៣៥៥,៥៥០តោន និងប្រទេសថៃចំនួន ១១៣,៧៥០តោន។ -ម៉្សៅដំឡូងមីមានចំនួន ១៨ ៧០១,០៤តោន (កើនឡើងចំនួន ៦,៣៦%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៦ ៣៥៨,៦០តោន ប្រទេសថៃចំនួន ១ ៣៧៥,៨០តោន ប្រទេសអ៊ីតាលីចំនួន ៥០៨,៦៤តោន សហរដ្ឋអាមេរិក ចំនួន ១៧០តោន ប្រទេសណេដឺឡែនចំនួន ១៥២តោន និងប្រទេសប៊ែលហ្ស៉ិកចំនួន ១៣៦តោន។

-កាកសំណល់ដំឡូងមីមានចំនួន ៥ ៦៦៣,៥០តោន (ថយចុះចំនួន -៣៤,២៥%) នាំចេញទៅប្រទេសចិន។ - គ្រាប់ស្វាយចន្ទីមានចំនួន ៨៧៦,៥២១.១៩តោន (កើនឡើងចំនួន ៣៤០,៦១%) នាំចេញទៅប្រទេសវៀតណាមចំនួន ៨៦៩,៥៤០តោន ប្រទេសចិនចំនួន ៣,៦៣៩.៥០តោន ប្រទេសថៃចំនួន ៣,២៣០.៤០តោន ប្រទេសជប៉ុនចំនួន ៤៣.៦៧តោន ប្រទេសឥណ្ឌាចំនួន ១៧តោន ប្រទេសកូរ៉េចំនួន ១៦.៨៨តោន ប្រទេសអារ៉ាប់ចំនួន ១៤.៥១តោន ប្រទេសណេដឺឡែនចំនួន ៨.២១តោន ប្រទេសបង់ក្លាដែសចំនួន ៧តោន ប្រទេសឡាវចំនួន ៤តោន ប្រទេសតូហ្គោចំនួន ០,០១តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១តោន។

-គ្រាប់ពោតមានចំនួន ១៥២ ២០៤,១៩តោន (ថយចុះចំនួន -២១,៣៨%) នាំចេញទៅប្រទេសវៀតណាម ចំនួន ១០៩ ០៤០តោន ប្រទេសថៃចំនួន ៤២ ៣៥០តោន កោះតៃវ៉ាន់ចំនួន ៧៥១,១៩តោន ប្រទេសបង់ក្លាដេស ចំនួន ៤២តោន និងប្រទេសកូរ៉េចំនួន ២១តោន។ -គ្រាប់សណ្តែកបាយមានចំនួន ២៣,២៣០តោន (កើនឡើងចំនួន ៤៩៨,៧៧%) នាំចេញទៅប្រទេសវៀតណាម។ -គ្រាប់សណ្តែកសៀងមានចំនួន ១៩,៨៨០.០៤តោន (កើនឡើងចំនួន ១០០%) នាំចេញទៅប្រទេសវៀតណាមចំនួន ១១,៩៣០តោន ប្រទេសថៃចំនួន ៧,៩៥០តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០៤តោន។

- ផ្លែចេកស្រស់មានចំនួន ៣១០,១៨៣.២៨តោន (កើនឡើងចំនួន ៥៦,៧៩%) នាំចេញទៅប្រទេសចិនចំនួន ២៧២,០២៣.៩៥តោន ប្រទេសវៀតណាមចំនួន ៣៧ ១៤៥.៣៣តោន ប្រទេសជប៉ុនចំនួន ៥៣៣.៥២តោន និងប្រទេសសិង្ហបុរីចំនួន ៤៨០.៤៨តោន។ -ផ្លែក្រូចថ្លុងមានចំនួន ៣៤ ៩១៨,៤៤តោន (កើនឡើងចំនួន ១៣០,៤៨%) នាំចេញទៅប្រទេសថៃចំនួន ៣៤,៨៥៤តោន និងប្រទេសវៀតណាមចំនួន ៦៤.៤៤តោន។

-ផ្លែស្វាយស្រស់មានចំនួន ១៦៣,៨២៨.៥៥តោន (កើនឡើងចំនួន ២៥១,០៣%) នាំចេញទៅប្រទេសវៀតណាមចំនួន ១៤០ ៩៥៦,៦៨តោន ប្រទេសថៃចំនួន ២២ ៤៦៩,២៨តោន ប្រទេសចិនចំនួន ២១១.២២តោន ប្រទេសកូរ៉េចំនួន ១២៤.៣៨តោន ទីក្រុងហុងកុងចំនួន ៥០.៧៨តោន ប្រទេសសិង្ហបុរីចំនួន ១៦.២០តោន និងប្រទេសគុយវ៉ែតចំនួន ០.០១តោន

- ដំណាប់ស្វាយមានចំនួន ១៤,០៨៧.២៨តោន (កើនឡើងចំនួន ១៩៥,៩៥%) នាំចេញទៅប្រទេសចិនចំនួន ១១,៥៨០.០២តោន ប្រទេសថៃចំនួន ១,១៣៥.០២តោន ប្រទេសហ្វីលីពីនចំនួន ៧៣៥,៦៩តោន ប្រទេសជប៉ុនចំនួន ៥១២,៥០តោន ប្រទេសវៀតណាមចំនួន ៧៦,៨០តោន ចក្រភពអង់គ្លេស ២១,១៤តោន ប្រទេសកូរ៉េចំនួន ១៧.៥០តោន សហរដ្ឋអាមេរិកចំនួន ៨.៥៦តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០.០៥តោន និងប្រទេសរុស្ស៊ីចំនួន ០.០០១តោន។ -ទឹកស៊ីរ៉ូស្វាយមានចំនួន ៤,០៦៩.៦២តោន (កើនឡើងចំនួន ៧៩,០៤%) នាំចេញទៅប្រទេសហ្វីលីពីនចំនួន ៣,៩២១.៦២តោន និងប្រទេសចិនមានចំនួន ១៤៨តោន។ -ដូងប្រេងមានចំនួន ៣៧,៨៣៦.៦៩តោន (កើនឡើងចំនួន ៤,៣២%) នាំចេញទៅប្រទេសឥណ្ឌាចំនួន ៣០,៦១៦.៦៩តោន និងប្រទេសម៉ាឡេស៊ីចំនួន ៧,២២០តោន។

-ម្រេចមានចំនួន ២៤,៨៤៧.៤៥តោន (កើនឡើងចំនួន ៥៥១,៧៣%) នាំចេញទៅប្រទេសវៀតណាម ចំនួន ២៤,៤៧៦.៦៨តោន ប្រទេសអាល្លឺម៉ង់ចំនួន ២,៤៧តោន ប្រទេសឥណ្ឌាចំនួន ៤២តោន ប្រទេសបារាំងចំនួន ២០,១៨តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ១៥,៩៨តោន កោះតៃវ៉ាន់ចំនួន ១៥,០៤តោន ប្រទេសប៉ូឡូញចំនួន ៧,០៩តោន សាធារណរដ្ឋឆេកចំនួន ៦.១០តោន ប្រទេសជប៉ុនចំនួន ៣.៣០តោន ប្រទេសកូរ៉េចំនួន ៣.២៥តោន ប្រទេសរុស្ស៊ីចំនួន ២.៤០តោន ប្រទេសសិង្ហបុរីចំនួន ១.៩៧តោន សហរដ្ឋអាមេរិកចំនួន ១.៧៥តោន ប្រទេសស៊ុយអ៊ែតចំនួន ១.២៩តោន ចក្រភពអង់គ្លេសចំនួន ១.២៤តោន ប្រទេសអូស្រ្តាលីចំនួន ០.៩០តោន ប្រទេសស្វីសចំនួន ០.៥៦តោន ប្រទេសកាណាដាចំនួន ០.៥២តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០.១៩តោន និងប្រទេសអារ៉ាប់រួមចំនួន ០.០១តោន។

- ថ្នាំជក់មានចំនួន ១,៨៩៩.៧៥តោន (ថយចុះចំនួន -៦២,១៨%) នាំចេញទៅប្រទេសវៀតណាម ១,៨៦០តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ១៩.៨២តោន ប្រទេសហុងគ្រីចំនួន ១៩.៨០តោន ប្រទេសចិនចំនួន ០.១០តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០.០២តោន ប្រទេសសិង្ហបុរីចំនួន ០.០១តោន និងប្រទេសអាល្លឺម៉ង់ចំនួន ០.០០១តោន។ -បន្លែចម្រុះមានចំនួន ៦៦.៥៣តោន (ថយចុះចំនួន -១៥,៦២%) នាំចេញទៅប្រទេសបារាំង។ -ម្ទេសស្រស់មានចំនួន ៧១,២៩៧.១២តោន (កើនឡើងចំនួន ៤៣,៣៨%) នាំចេញទៅប្រទេសថៃចំនួន ៧១,២៩៧.១២តោន និងប្រទេសអារ៉ាប់រួមចំនួន ០.០០២តោន។ -ម្ទេសក្រៀមមានចំនួន ១,៣២០.២៣តោន (ថយចុះចំនួន -១១,៩៨%) នាំចេញទៅប្រទេសថៃចំនួន ១,៣២០តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ០.២១តោន ប្រទេសកូរ៉េចំនួន ០.០១តោន និងប្រទេសកាណាដាចំនួន ០.០១តោន។ -ផលិតផលចំនួន ៧១មុខ ផ្សេងទៀតមានចំនួន ១២២៧៣៧.៣៣តោន។

សូមបញ្ជាក់ថា នេះជារបាយការណ៍ដែល លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ឋាប្រមាញ់និងសាទ ទទួលបានពី អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយលោក បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)