ភ្នំពេញ៖ មកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ ២៥លានដូសរួចហើយ។ វ៉ាក់សាំងនេះ គឺមានទាំងជំនួយពីប្រទេសជាមិត្ត និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាលពីក្រុមហ៊ុនរបស់ប្រទេសចិន។ បើតាមទំព័រហ្វេសហ៊ក សម្ដេចតេជោ ហ៊ុន សែន។
បើតាមទំព័រហ្វេសប៊ុករបស់ ប្រមុខរាជរដ្ឋាភិបាល បានឱ្យដឹងថា តាមរយៈវត្តមានវ៉ាក់សាំងដែលរកបាននេះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើង សរុបជាង ១០លាននាក់ហើយ។ ទន្ទឹម នឹងការចាក់វ៉ាក់សាំងជុំទី១ ជូនប្រជាពលរដ្ឋប្រមាណ ១២លាននាក់ ជិតរួចរាល់ហើយនោះ កម្ពុជាក៏កំពុងដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្រុមជួរមុខ ហើយក៏ត្រៀមចាក់ដូសជំរុញនេះជូនប្រជាពលរដ្ឋទូទៅផងដែរ។
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន ២លានដូសបន្ថែមទៀតបានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ ដើម្បីបម្រើដល់ដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។ បើតាមទំព័រហ្វេសប៊ុកសរបស់ សម្ដេចតេជោដដែល បានបន្តថា វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ដែលបានដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះគឺជាវ៉ាក់សាំងដែល រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ដើម្បីយកមកបម្រើដល់ការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។
បើតាមទំព័រហ្វេប៊ុកដដែលបានបន្ថែមថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាវិធីសាស្ត្រដ៏ចម្បងមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានស្វះស្វែង និងប្រឹងប្រែងជាខ្លាំងក្នុងការរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)