Register Already an agent ? Login

រាជរដ្ឋាភិបាល បានសម្រេចបង្កើតសង្កាត់ចំនួន ២បន្ថែមទៀត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបានសម្រេចបង្កើតសង្កាត់ចំនួន ២បន្ថែមទៀត គឺសង្កាត់អូរជ្រៅ និងសង្កាត់អូរឬស្សី ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

តាមអនុក្រឹត្យលេខ១៥៦ អនក្រ.បក របស់រាជរដ្ឋាភិបាល បានសម្រេចបង្កើតសង្កាត់អូរជ្រៅ ដោយកាត់ភូមិចំនួន ៧ ពីសង្កាត់ប៉ោយប៉ែត រួមមាន៖ ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរជ្រៅ ត្រូវស្ថិតក្នុងភូមិព្រៃព្រិច។

បើតាមអនុក្រឹត្យនេះបានបញ្ជាក់ «ក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ត្រូវបន្តគ្រប់គ្រងភូមិចំនួន ៧ ខាងលើ រហូតមានក្រុមប្រឹក្សាសង្កាត់អូរជ្រៅ មកជំនួស»។

ជាមួយគ្នា អនុក្រឹត្យលេខ១៥៧ អនក្រ.បក របស់រាជរដ្ឋាភិបាល បានសម្រេចបង្កើត សង្កាត់អូរឬស្សី ដោយកាត់ភូមិចំនួន ៥ ពីសង្កាត់ផ្សារកណ្តាល រួមមាន៖ ភូមិអូរឬស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគប់ ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរឬស្សី ត្រូវស្ថិតក្នុងភូមិទួលពង្រ។

បើតាមអនុក្រឹត្យនេះបានបញ្ជាក់ «ក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល ត្រូវបន្តគ្រប់គ្រងភូមិចំនួន ៥ខាងលើ រហូតមានក្រុមប្រឹក្សាសង្កាត់អូរឬស្សី មកជំនួស»៕

ដោយ៖ មឿន ឌីណា (Moeun Dyna)