Register Already an agent ? Login

គម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ នឹងបើកការដ្ឋានធ្វើនៅចុងឆ្នាំនេះ ឬដើមខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ ដែលជាគម្រោងស្ពានដ៏សំខាន់ ត្រូវបានចរចារចប់សព្វគ្រប់ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ស្ពានរួចហើយដែរ ប៉ុន្តែនៅរង់ចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាលើប្រាក់កម្ចី។ បើតាមការថ្លែងឱ្យដឹងពី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកញ្ជូន លោក ស៊ុន ចាន់ថុល បញ្ជាក់ថា «គម្រោងស្ពាននេះអាចបើកការដ្ឋានសាងសង់នៅចុងឆ្នាំនេះ ឬដើមខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានចុះហត្ថលេខាលើប្រាក់កម្ចីរួច»។

យោងមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះ មានប្រវែង ១,៧៦១ម៉ែត្រ ក្រោមថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលចិន ប្រើប្រាស់រយៈពេលសាងសង់ចន្លោះពី ២ ទៅ៣ឆ្នាំ។ ចំពោះទីកន្លែងចំណុចសាងសង់ស្ពាននេះ គឺមិនទាន់ច្បាស់ការនៅឡើយទេ ប៉ុន្តែប្រហែលជាអាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបាន លោក ស៊ុន ចាន់ថុល បញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឱ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត។

នៅក្នុង​ពិធី​សម្ពោធសាកលវិទ្យាល័យ​ក្រចេះ នៅ​ក្នុង​ខេត្តក្រចេះ កាល​ពី​ខែមេសា ឆ្នាំ​២០១៨ សម្តេចតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា ​​បាន​ប្រកាស ​ពី​គម្រោង​​សាង​សង់​ស្ពាន​ឆ្លង​កាត់ទន្លេមេគង្គ​ក្នុងខេត្តនេះ ដើម្បី​បង្កើត​ភាព​ងាយស្រួល​ដល់​ទំនាក់ទំនង​រវាង​អ្នកនៅខេត្តក្រចេះ ជាមួយ​អ្នក​ខេត្តកំពង់ធំ និងសៀមរាប។ សម្តេច​ បានថ្លែងបន្ត​​​ថា ប្រសិន​បើ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ​ពីខេត្ត​ក្រចេះ ទៅកាន់​ខេត្ត​កំពង់ធំ គឺ​មាន​ចម្ងាយ​តែ ១២៩គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ។

នៅក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣» កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា គម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ ដែលជា គម្រោងស្ពានដ៏សំខាន់មួយដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរត្រង់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ និងចំណេញពេលវេលាក្នុងការធ្វើដំណើរ។

នៅក្នុងកម្មវិធីខាងលើ លោក រដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរអំពីការត្រៀមបើកការដ្ឋានគម្រោងពង្រីក និងលើកកម្ពស់ គុណភាពពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង DBST ទៅជាផ្លូវបេតុងកៅស៊ូ(AC) ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៤ និងតភ្ជាប់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ ពីបែកគុស ទៅស្រុកកំពង់ត្រាច ផ្លូវជាតិលេខ៣៣ ពីកែបមកកំពង់ត្រាច ដើម្បីអភិវឌ្ឍតំបន់ឆ្នេរ ជាពិសេសខេត្តព្រះសីហនុ ដែលនឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសយ៉ាងសំខាន់ផងដែរ។

ឆ្លើយតបទៅកាន់សំណួរប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងកម្មវិធី MPWT LIVE SHOW លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីគម្រោងសាងសង់ដែលក្រសួងសម្រេចបាន គម្រោងសាងសង់កំពុងបន្ត និងគម្រោងត្រៀមនឹងអនុវត្ត ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅកម្ពុជា ដែលក្នុងនោះរួមមាន៖ បណ្តាញផ្លូវជាតិសំខាន់ៗ ផ្លូវល្បឿនលឿន និងស្ពានជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)