ភ្នំពេញ៖ នៅក្នុងចំណោមប្រទេសដៃគូ និងជាមិត្ត ប្រទេសចិនបានផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាជិត ៣ពាន់លានដុល្លារ យកមកកសាងហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវ ដែលមានចំនួនច្រើនជាងគេ។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ «មូលហេតុដែលយើងទទួលយកកម្ចីពីចិនច្រើនជាងគេ ក៏ដោយសារតែវិធីសាស្រ្ត នៃការអនុម័តកម្ចីរបស់ប្រទេសចិន មកកម្ពុជាគឺងាយស្រួល និងលឿនជាងប្រទេសដទៃ»។
នៅក្នុងកម្មវិធី MPWT LIVE SHOW ដែលបានធ្វើឡើងកាលពីថ្ងៃ៣០ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា ជាមួយគ្នានោះ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាប្រទេសទី២ និងទី៣ ដែលបានផ្ដល់ហិរញ្ញប្បទានសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវ នៅកម្ពុជា។
ក្រៅពីប្រភពហិរញ្ញប្បទានពីប្រទេសទាំងបីនេះ កម្ពុជា ក៏បានទទួលហិរញ្ញប្បទានកសាងហេដ្ឋារចនាសម្ព័ន្ធពីធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។ បើតាមការថ្លែងបន្តទៀតរបស់ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបន្ថែមថា ទន្ទឹមនេះ ប្រទេសជិតខាងកម្ពុជា គឺប្រទេសវៀតណាម និងប្រទេសថៃ ក៏បានផ្តល់កម្ចីលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាននៅកម្ពុជាផងដែរ។
ក្នុងចំណោមប្រទេសទាំងអស់ឃើញថា ចិន ជាអ្នកផ្ដល់ប្រាក់កម្ចីដល់កម្ពុជាច្រើនជាងគេ សម្រាប់សាងសង់ផ្លូវ ស្ពានជាច្រើនខ្សែ មានដូចជា ផ្លូវជាតិលេខ៣ ផ្លូវជាតិ៥៧ ផ្លូវ៥៨ ផ្លូវលេខ៦ ផ្លូវ៨ ផ្លូវលេខ៩ផ្លូវ១០ ផ្លូវ៣១ ផ្លូវ៣៣ ផ្លូវ៤១ និងផ្លូវជាច្រើនទៀត។ បើតាមការបញ្ជាក់បន្តរបស់ លោក ស៊ុន ចាន់ថុល បន្ថែមទៀតថា យើងមិនរើសអើង នូវប្រាក់កម្ចីពីប្រទេសណានោះទេ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេស បើមិត្តណាចង់ជួយយើងនឹងទទួល។ យើងមិនបដិសេធ ឬរើសអើងប្រទេសនេះឬប្រទេសនោះឡើយ ល្គឹកណាគេផ្តល់កម្ចីទាន់ពេលវេលាឱ្យកម្ពុជា យើងនឹងទទួល។
លោក រដ្ឋមន្រ្តីបានលើឡើងបន្ថែមទៀតថា ការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ ពិតជាមានសារសំខាន់ណាស់ ក្នុងការស្ដារ និងជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាទាក់ទាញនូវទេសចរជាតិ និងអន្តរជាតិ និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិនជាតិអន្តរជាតិ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន ក៏បានលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលអាចទាក់ទាញនូវការវិនិយោគ និងជំរុញនូវសក្ដានុពលវិនិយោគនៅក្នុងតំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាក់ស្ដែងផ្លូវជាតិលេខ៣ ក្រោយការសាងសង់រួចរាល់ បានទាក់ទាញកាន់តែខ្លាំង សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងវិស័យផ្សេងៗទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)