Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ គម្រោងសាងសង់ផ្លូវពីខេត្តសៀមរាប ទៅខេត្តបាត់ដំបង កំពុងសិក្សាផលប៉ះពាល់នៅឡើយ

ភ្នំ​ពេញ៖ គម្រោងសាងសង់ផ្លូវ ១ខ្សែ មានប្រវែង ៧២គីឡូម៉ែត្រ ចាប់ពីខេត្តសៀមរាប ដោយឆ្លងកាត់ខេត្តបន្ទាយមានជ័យទៅ ទៅកាន់ខេត្តបាត់ដំបង បច្ចុប្បន្នកំពុងសិក្សាពីផលប៉ះពាល់បរិស្ថាននៅឡើយ។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ុន ចាន់ថុន​រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ ជាពិសេសប៉ះពាល់ដល់បឹងទន្លេសាប ជុំវិញគម្រោងកសាងផ្លូវនេះ ដោយយើងរំពឹងថា ការដ្ឋានថាអាចនឹងចាប់ផ្ដើមមុនឆ្នាំ២០២៥។

ក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ សីហា ឆ្នាំ២០២១ លោក ស៊ុន ចាន់​ថុល បានថ្លែងបន្តថា គម្រោងកសាងផ្លូវតភ្ជាប់រវាងខេត្តសៀមរាប និងខេត្តបាត់ដំបង ត្រូវបានក្រសួងដាក់ចូលក្នុងផែនការ ៥ឆ្នាំរំកិល នៃគម្រោងអាទិភាពក្រោមជំនួយរបស់មិត្តចិន។

លោក រដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ទៀតថា ក្រសួងបានដាក់ចូលក្នុងផែនការ ៥ឆ្នាំរំកិលពិតមែន ប៉ុន្តែមិនមែនមានន័យថា ត្រូវតែសាងសង់នៅឆ្នាំ២០២៥ នោះទេ តាមស្ថានភាពជាក់ស្តែង អាចពន្លឿនមកបើកការដ្ឋាននៅឆ្នាំ២០២៣ ឬ២០២៤។ លោក បានរម្លឹកថា ការសិក្សាគម្រោងនេះធ្វើឡើងតាំងពីខែតុលា ឆ្នាំ២០២០មកម្ល៉េះ ដែលជាការសហការរបស់ក្រសួង និងក្រុមហ៊ុន China Road and Bridge Corporation៕

ដោយ៖ មឿន ឌីណា (Moeun Dyna)