ភ្នំពេញ៖ ខេត្តកណ្ដាល កំពង់ឆ្នាំង និងតាកែវ ទទួលបានទុនវិនិយោគសរុប ១៥លានដុល្លារ ក្រោយពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន ៣ គម្រោងបង្កើតរោងចក្រកាត់ដេរ ផលិតធុងទឹកកកនិងធុងជ័រ ដែលអាចផ្ដល់ការងារបានចំនួន ៤,០៦១កន្លែង។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនទាំង៣ នឹងដំណើរសង្វាក់ផលិតកម្មរបស់ខ្លួនក្នុងពេលឆាប់នៅលើទឹកដី ខេត្តកណ្ដាល កំពង់ឆ្នាំង និងតាកែវ រួមមាន៖
១.ក្រុមហ៊ុន SHINING FASHION INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៤៧កន្លែង។
២.ក្រុមហ៊ុន MELYO PLASTIC TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតធុងទឹកកក និងធុងជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៧កន្លែង។
៣.ក្រុមហ៊ុន KICYN (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៦,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,៩៤៧កន្លែង។
សូមរម្លឹកថា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា នៅឆមាសទី១ឆ្នាំ២០២១ បានអនុម័តគម្រោងវិនិយោគចំនួន ៨៧គម្រោង បានធ្លាក់ចុះ ៤២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ក្នុងនោះបើពិនិត្យលើទុនវិនិយោគសរុប មានចំនួនជាង ២,៩០០លានដុល្លារ កើនឡើងជិត ១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
ទោះបីកម្ពុជាមានបញ្ហាជំងឺកូវីដ-១៩ក្តី ប៉ុន្តែទំហំនៃការនាំចេញរបស់កម្ពុជាបានកើនឡើង ពិសេសយើងឃើញថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជាច្រើន ដែលវាជាសញ្ញាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា។ បើតាមការលើកឡើងរបស់ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
លោក បញ្ជាក់ថា កម្ពុជាទទួលបានឱកាសវិនិយោគនេះ កត្តាចម្បងគឺកើតចេញពីស្ថិរភាពនយោបាយ ការជំរុញចាក់វ៉ាក់សាំងបានលឿន ដែលគ្រោងបញ្ចប់នៅចុងឆ្នាំនេះ និងការទទួលបានភាពអនុគ្រោះពន្ធ GSP ហើយនិងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន មិនតែប៉ុណ្ណោះបានឈានទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេកូរ៉េ ជាដើម ដែលកត្តាទាំងនេះធ្វើឱ្យវិនិយោគិន កំពុងសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)