Register Already an agent ? Login

អនុក្រឹត្យលេខ៩៨ ឆ្នាំ២០១៥ «ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ»

ភ្នំពេញ៖ អនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖

-ឆ្នេរ និងពាមសមុទ្រ៖ ចម្ងាយលើសពី ១០០ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា), -ទន្លេ៖ ចម្ងាយលើសពី ៥០ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ, -ស្ទឹង៖ ចម្ងាយលើសពី ៣០ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង, -ព្រែក៖ ចម្ងាយលើសពី២០ម៉ែត្រ គិតពីមាត់ច្រាំងព្រែក, -អូរ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ។

-ប្រឡាយមេ៖ ចម្ងាយលើសពី ១០ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ, -ប្រឡាយរង៖ ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ, -ប្រឡាយស្រោចស្រព៖ ចម្ងាយលើសពី ៣ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ, -អាងទឹក៖ ចម្ងាយលើសពី ១០០ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក។

-បឹងបួ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក, -ទំនប់អាងទឹក៖ ចម្ងាយ ២០ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់តិចជាង៤ ម៉ែត្រ។ ចម្ងាយ ១០០ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់ពី ៤ម៉ែត្រ ទៅ៨ម៉ែត្រ។ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨ម៉ែត្រ ឡើងទៅត្រូវបានកំណត់អនុក្រឹត្យដោយឡែក។

យ៉ាងណាមិញ បើអ្នករកាន់កាប់ដីចូលជ្រៅជាងរយៈចម្ងាយដែលបានកំណត់ ប៉ុន្តែអ្នកកាន់កាប់មុនថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ពោលគឺមុនថ្ងៃដែលអនុក្រឹត្យដាក់ឱ្យប្រើប្រាស់ ការកាន់កាប់នោះគឺស្របច្បាប់ ព្រោះច្បាប់មិនអនុវត្តថយក្រោយទេ។ យ៉ាងណាក្ដី ការកាន់កាប់ ឬការសាង់សង់ នៅលើដីចំណីមាត់ច្រាំង ឬឆ្នេរ នៅតំបន់រាជធានី ក្រុង ខេត្ត ឬតំបន់អភិវឌ្ឍនានា ក៏ត្រូវបានកំណត់តាមច្បាប់ និងបទបញ្ញត្តិផ្សេងៗថែមទៀតផង ដូចជាប្លង់គោលប្រើប្រាស់ដី ជាដើម ដូច្នេះអ្នកត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមួយមន្រ្តីពាក់ព័ន្ធ។

គួបញ្ជាក់ថា ដីជាប់មាត់ច្រាំង ឬឆ្នេរ ជាទីតាំងមានសក្តានុពលមួយក្នុងការសាងសង់អគារ ឬប្រកបអាជីវកម្មផ្សេងៗ។ ប៉ុន្តែ ការកាន់កាប់ដីនៅតំបន់ទាំងនោះ សង្កេតឃើញថាមានវិវាទជាញឹកញាប់ ពីព្រោះពេលខ្លះ ជាដីចំណីរបស់រដ្ឋ៕

ប្រភព៖ គេហទំព័រសំណង់និងអចលនទ្រព្យ

ដោយ៖ មឿន ឌីណា (Moeun Dyna)