Register Already an agent ? Login

អភិបាលខេត្តកំពង់ចាម យកផ្ទៃដីស្រុកកំពង់សៀមជាង ១០ហិកតា ធ្វើជាទីលានចាក់សំរាមដែលមានស្ដង់ដារ

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គ្រោងធ្វើទីលានចាក់សំរាមដែលមានស្ដង់ដារ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ដោយសម្រេចយក ភូមិកោះរកាក្នុង ឃុំកោះរការ ស្រុកកំពង់សៀមដែលមានផ្ទៃដីជាង ១០ហិកតា ក្រោយពីបានដឹកនាំមន្រ្តីក្រោមឱវាទ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យទីតាំងដោយផ្ទាល់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

កំណើនសេដ្ឋកិច្ច និងកត្តារីកចម្រើនផ្នែកជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការរប្រើប្រាស់ប្រចាំថ្ងៃ ពិសេសការរៀបចំអនាម័យបរិស្ថាន និងការចោលកាកសំណល់ប្រើប្រាស់ប្រចាំថ្ងៃ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យ និងសិក្សាពីលទ្ធភាពនៃការពង្រីកទីលានចាក់សំរាមចាស់ដែលខេត្តមាន សម្រាប់បំពេញនូវតម្រូវការនាពេលខាងមុខដ៏ខ្លីនេះ។ បើតាមការលើកឡើងរបស់ ​លោក អ៊ុន ចាន់ដា។

ជាក់ស្តែង តាមរយៈការពិនិត្យនិងចុះសិក្សារបស់មន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បានជ្រើសរើសទីលានសម្រាប់ចាក់សម្រាមនេះ ចំនួន ២គោលដៅ ក្នុងនោះគោលដៅទី១ ស្ថិតនៅក្នុងស្រុកកងមាស និងគោលដៅទី២ ស្ថិតក្នុងស្រុកកំពង់សៀម។ បើតាមការលើកឡើងបន្តរបស់ លោក អ៊ុន ចាន់ដា បានបន្តទៀតថា គោលដៅទាំង ២កន្លែងនោះគឺមានតែដីនៅចំណុចដីទួល ស្ថិតក្នុងឃុំកោះរកា ស្រុកកំពង់សៀម គ្រប់គ្រងដោយរដ្ឋមានទំហំជាង ១០ហិកតា ដែលទំហំនេះ ត្រូវជាមួយស្តង់ដាររបស់ក្រសួងបរិស្ថាន។

លោក អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ផ្អែកតាមការសិក្សាជាក់ស្ដែង ទីតាំងនៅក្នុងស្រុកកំពង់សៀមនេះ គឺមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ធ្វើជាទីលានចាក់សំរាមស្តង់ដារ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ដោយហេតុថាទីតាំងនោះ មានចម្ងាយឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលមិនធ្វើឱ្យផលប៉ះពាល់បរិស្ថាននោះឡើយ។

បើតាមរដ្ឋបាលខេត្តកំពង់ចាមឱ្យដឹងថា បច្ចុប្បន្ន ខេត្តកំពង់ចាមមិនទាន់មានទីលាន សម្រាប់ចាក់សំរាមទៅតាមស្តង់ដារនោះទេ ពោលគឺយើងនៅប្រើប្រាស់ទីលានចាស់ របស់ក្រុមហ៊ុនស៊ីនទ្រី ស្ថិតក្នុងឃុំបូសខ្នុរ ស្រុកចំការលើ។ ដោយឡែក ផ្អែកតាមកំណើននៃប្រជាពលរដ្ឋ ហើយការប្រើប្រាស់សំរាមក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

រដ្ឋបាលខេត្តកំពង់ចាម បានបន្តថា កត្តាទាំងនេះ តម្រូវឱ្យអាជ្ញាធរខេត្ត សម្រេចចិត្តរកទីតាំងថ្មីបន្ថែមទៀត ដើម្បីគ្រប់គ្រងសំរាមប្រកបទៅដោយស្តង់ដារ និងជំនួសឱ្យទីលានចាក់សំរាមចាស់ ដែលបានពោរពេញទៅដោយសំរាម និងកាកសំណល់ផ្សេងៗ ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)