ភ្នំពេញ៖ ឆ្លងកាត់កិច្ចពិភាក្សាយ៉ាងផុលផុសទាំងកម្រិតតបច្ចេកទេស ការផ្តល់ធាតុចូលនិងកំណែអក្ខរាវិរុទ្ធ ដែលបានបកប្រែពីភាសាបច្ចេកទេសក្នុងចំណោមគណៈកម្មការបច្ចេកទេសចំនួន៨ ដែលមានការពាក់ព័ន្ធអង្គប្រជុំ បានសម្រេចយកស្តង់ដារ ISO,IEC និងស្តង់ដារ UNECE Regulation ចំនួន ២០បន្ថែមទៀតមកអនុវត្តជាស្តង់ដារជាតិ។ បើតាមកិច្ចប្រជុំលើកទី២៤ របស់ក្រុមប្រឹក្សាស្តង់ដារជាតិតាម Zoom ក្រោមអធិបតីភាពរបស់ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំខាងលើ លោក ចម ប្រសិទ្ធ បានបញ្ជាក់ ដោយសង្កត់ធ្ងន់ថា៖ «ការសម្រេចយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិនេះ មិនមែនយើងចេះតែអនុម័តហើយយទុកចោលទេ តែគឺជាតម្រូវការពិតប្រាកដ ក្នុងការអនុវត្តដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម កិច្ចការពារសុវត្ថិភាព និងការទាក់ទាញការវិនិយោគដ៏សំខាន់សម្រាប់ពេលបច្ចុប្បន្ននិងអនាគត»។
ប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ លោក ចម ប្រសិទ្ធ បានលើកទឡ្ហីករណ៍ថា ជាក់ស្តែងដូចជាស្តង់ដារយានយន្តប្រើថាមពលអគ្គិសនី និងស្តង់ដារឌីជីថលជាដើម គឺជាតម្រូវការចាំបាច់ចាប់ពីពេលនេះ រហូតទៅអនាគត។ លោក បានបញ្ជាក់ថា «សូមស្វែងយល់ថា ទោះបីយើងមានច្រកទីផ្សារនាំចេញក្នុងគោលដៅច្រើនប្រទេសយ៉ាងណាក៏ដោយ តែបើផលិតផលរបស់យើងគ្មានស្តង់ដារទេទំនិញរបស់យើងក៏មិនអាចលក់ដូរ ឬធ្វើការនាំចេញក្នុងឧត្តមភាពប្រកួតប្រជែងខ្ពស់បានដែរ»។
លោក រដ្ឋមន្រ្តី ក៏បានស្នើឱ្យគណៈកម្មការបច្ចេកទេសទាំងអស់ខិតខំច្បិចយកស្តង់ដារអន្តរជាតិសំខាន់ៗ និងចាំបាច់ចំពោះមុខ និងអនាគតមកធ្វើជាស្តង់ដារជាតិឱ្យបានច្រើនថែមទៀត ដើម្បីជាមូលដ្ឋានបម្រើឱ្យផលប្រយោជន៍សេដ្ឋកិច្ចជាតិទាំងមូល។
បិទអង្គប្រជុំ លោក ចម ប្រសិទ្ធ បានថ្លែងការកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ដែលបានខិតខំស្រាវជ្រាវបកប្រែស្តង់ដារអន្តរជាតិយកមកធ្វើជាស្តង់ដាជាតិបានជាច្រើន ជាពិសេសទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ក៏ដោយ ដែលរហូតមកដល់ពេលនេះយើងសរុបបានស្តង់ដារជាតិបានចំនួន ៩៨៨ហើយ។
សូមបញ្ជាក់ថា ស្តង់ដារជាតិចំនួន២០ ដែលក្រុមប្រឹក្សាស្តង់ដារជាតិ បានសម្រេចអនុម័តនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ រួមមានដូចខាងក្រោម៖
ក-ផ្នែកស្តង់ដារសំណង់ និងសម្ភារសំណង់ចំនួន ៣ស្តង់ដារ គឺ ១-បំពង់ទុយោផ្លាស្ទិកមិនរងសម្ពាធសម្រាប់បំពង់បង្ហូរទឹក និងបណ្តាញលូទឹកស្អុយសាងសង់បង្កប់ក្រោមដី ២-បំពង់ទុយោផ្លាស្ទិករងសម្ពាធសម្រាប់ទឹកស្អាត និងសម្រាប់បំពង់បង្ហូរទឹកនិងលូទឹកស្អុយ ប៉ូលីអេទីឡែន(PE) ៣-បំពង់ទុយោផ្លាស្ទិករងសម្ពាធសម្រាប់ទឹកស្អាតនិងសម្រាប់បំពង់បង្ហូរទឹកនិងលូទឹកស្អុPE។
ខ-ផ្នែកស្តង់ដារសារធាតុនិងផលិតផលគីមីចំនួន ២ស្តង់ដារ គឺ ១-ការ៉ុងប៉ូលីប្រូពីឡែនសម្រាប់វេចខ្ចប់ម្ហូបអាហារ ២-ស្តង់ដារបរិយាកាសសម្រាប់ជាលក្ខខណ្ឌនិងការធ្វើតេស្តផ្លាស្ទិក។ គ-ផ្នែកស្តង់ដារប្រព័ន្ធគ្រប់គ្រងចំនួន ២ស្តង់ដារ គឹ ១-កម្មវីធីត្រៀមទុកជាមុនស្តីពីសុវត្ថិភាពម្ហូបអាហារទាក់ទងនឹងការដឹកជញ្ជូននិងស្តុក ២-កម្មវីធីត្រៀមទុកជាមុនស្តីពីសុវត្ថិភាពម្ហូបអាហារទាក់ទងនឹងផលិតកម្មចំណីសត្វ និងអាហារសត្វ, ផលិតកម្មចំណីសត្វ និងអាហារសត្វចិញ្ចឹម,និងផលិតកម្មចំណីសត្វ។
ឃ-ផ្នែកស្តង់ដារផលិតផលអគ្គិសនីនិងអេឡិចត្រូនិកចំនួន ៤ស្តង់ដារ គឺ ១-បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នា ដែលអាចធ្វើឱ្យប៉ះពាល់ស្បែកដោយសារសាយភាយកាំរស្មីវិទ្យុសកម្ម ២-បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នា សម្រាប់សុវត្ថិភាពឆ្នាំងអគ្គិសនីក្នុងវិស័យពាណិជ្ជកម្ម ៣-បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នា សម្រាប់សុវត្ថិភាពបរិក្ខាអគ្គិសនីអាំងសាច់ និងនំបុ័ងក្នុងវិស័យពាណិជ្ជកម្ម ៤-បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នាពាក់ព័ន្ធសុវត្ថិភាព បរិក្ខាអគ្គិសនីកំដៅម្ហូបអាហារនិងឧបករណ៍ដាក់ម្ហូបអាហារក្នុងវិស័យពាណិជ្ជកម្ម។
ង-ផ្នែកផលិតផលស្តង់ដារកៅស៊ូចំនួន ៣ស្តង់ដារ សម្រាប់យានយន្តផ្លូវគោក គឺ ១-សំដៅទៅលើគម្របកៅស៊ូសម្រាប់ស៊ីឡាំង(កំប៉ែន)ហ្រ្វាំងអ៊ីត្រូលិកប្រភេទតំបួរប្រើប្រាស់ប្រេងហ្វ្រាំងសំយោគ ២-សំដៅទៅលើពែងនិងរ៉ងកៅស៊ូសម្រាប់ស៊ីឡាំង(កំប៉ែន)នៃប្រព័ន្ធហ្រ្វាំងអ៊ីត្រូលិកប្រើប្រាស់ប្រេងហ្វ្រាំងសំយោគ ៣-ទាក់ទងនឹងរ៉ងកៅស៊ូសម្រាប់ស៊ីឡាំងនៃហ្វ្រាំងអ៊ីត្រូលិកប្រភេទឌីសប្រើប្រាស់ប្រេងហ្វ្រាំងសំយោគ។
ច-ផ្នែកស្តង់ដារយានយន្តចំនួន២ស្តង់ដារ គឺ ១-បទប្បញ្ញត្តិរួមពាក់ព័ន្ធនឹងការផ្តល់អនុលោមភាពយានយន្តដែលទាក់ទងនឹងតម្រូវការជាក់លាក់សម្រាប់ឧបករណ៍អូសទាញដោយប្រើថាមពលអគ្គិសនី ២-បទប្បញ្ញត្តិរួមពាក់ព័ន្ធនឹងការផ្តល់អនុលោមភាពយានយន្តនៃប្រភេទ Lទាក់ទងនឹងឧបករណ៍អូសទាញដោយប្រើថាមពលអគ្គិសនី។
ឆ-ផ្នែកផលិតផលគ្រឿងសម្អាងចំនួន ២ស្តង់ដារ គឺ ១-ការកំណត់រកអតិសុខុមប្រាណក្នុងគ្រឿងសម្អាង ២-ការវាយតម្លៃអំពីការការពារប្រឆាំងនឹងអតិសុខុមប្រាណនៃផលិតផលគ្រឿងសម្អាង។ ជ-ផ្នែកស្តង់ដារឌីជីថលចំនួន២ស្តង់ដារ គឺ ១-បច្ចេកទេសសន្តិសុខផ្នែកបន្ថែម ISO/IEC27001 និងISO/IEC27002 សម្រាប់ការគ្រប់គ្រងឯកជនភាព តម្រូវការ និងគោលការណ៍ណែនាំ ២-បច្ចេកវិទ្យាព័ត៌មាន, សន្តិសុខសាយប័រ(Cyber), ទិដ្ឋភាពទូទៅ និងទស្សនទាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)