ភ្នំពេញ៖ វឌ្ឍនភាព គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចបានប្រមាណ ៣៨ភាគរយ នៃគម្រោងទាំងមូលបើគិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២១។ បើតាមទំព័រហ្វេសប៊ុករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្តឱ្យដឹងពីវឌ្ឍនភាពគម្រោងទាំងនោះរួមមាន៖ ១.ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអនុវត្តបាន ១០ភាគរយ ២.ការងារសាងសង់ស្ថាននីយបូមទឹកល្អក់អនុវត្តបាន ១៥ភាគរយ ៣. ការងារដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មីលីម៉ែត្រ អនុវត្តបាន ៥៣ភាគរយ និង ៤.ការងារខួងឆ្លងក្រោមបាតទន្លេសាប ដើម្បីដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មីលីម៉ែត្រ អនុវត្តបាន ៣០ភាគរយ។
ដើម្បីបំពេញសេចក្តីត្រូវការទឹកស្អាតជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននឹងកំពុងជំរុញពន្លឿនការអនុវត្តគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥,០០០មែត្រគូបក្នុង១ថ្ងៃ។ បើតាមការបញ្ជាក់ របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្តទៀតថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍ និងធនាគារវិនិយោគអឺរ៉ុប ១៩០លានដុល្លារ សាងសង់ដោយក្រុមហ៊ុនសាងសង់ VINCI Construction Grands Projets ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន SAFEGE Consulting Engineers។
ជំហានទី១ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ ឬដើម២០២៣ ដោយនឹងអាចផលិតទឹកបានជិត ២០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ខណៈជំហានទី២ នឹងពង្រីកសមត្ថភាពដល់ទៅជិត ៤០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ នៅដើមឆ្នាំ២០២៤។ បើមតាមការបន្ថែមរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃប្រមាណ ១៩០លានដុល្លារនៅបាក់ខែង ក៏ដូចជាបើកសម្ពោធរោងចក្រទឹកស្អាតនៅចម្ការមនផងដែរ ដែលរោងចក្រទាំង២ នឹងអាចផ្គត់ផ្គង់ទឹកស្អាតសរុបជាង ៤៥ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃនៅឆ្នាំ២០២៤។
សូមបញ្ជាក់ថា រោងចក្រចម្ការមន មានសមត្ថភាពផលិតទឹកស្អាត ៥២,០០០ម៉ែត្រគូបក្នុង១ថ្ងៃ ដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណ ២៨០,០០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីបណ្ដាញទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាពិសេសប្រជាពលរដ្ឋចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានីភ្នំពេញបែកខាងត្បូង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)