ភ្នំពេញ៖ វឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ក្រុងរណបកោះនរារបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) សម្រេចបានប្រមាណ ៣០ភាគរយ ក្នុងនោះមានដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធទូទៅ ច្រាំងទន្លេ ប្រព័ន្ធលូទឹក ផ្លូវ និងស្ពាន ២ ខ្សែ។ បើតាមការថ្លែងឱ្យដឹងពី លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានបន្តថា ការចាក់ដីបំពេញក្នុងគម្រោងនេះសម្រេចបាន ៨០ភាគរយហើយ នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងបន្តថា សម្រាប់ការចាក់ដី យើងគិតថានឹងបញ្ចប់នៅចុងឆ្នាំនេះ ប៉ុន្តែការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័នទាំងមូលអាចនឹងរួចរាល់នៅចុងឆ្នាំ២០២៣។ លោក បានបន្តទៀត ថាគម្រោងអភិវឌ្ឍន៍ក្រុងរណបកោះនរា ដែលមានផ្ទៃដី ១២៥ហិកតា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ទល់មុខជាមួយក្រុងរណបកោះពេជ្រ ត្រូវបានក្រុមហ៊ុន OCIC កំពុងធ្វើការអភិវឌ្ឍ ដើម្បីប្រែក្លាយទៅជាក្រុងរណបថ្មីមួយ ក្រោមទុនវិនិយោគប្រមាណ ២,៥ពាន់លានដុល្លារ។
ការសាងសង់អាចយឺតជាងផែនការបន្តិច ព្រោះការរីករាលដាលកូវីដ-១៩ បានតម្រូវឱ្យក្រុមហ៊ុនរឹតបន្តឹងលើការត្រួតពិនិត្យសុខភាពក្រុមកម្មករជាប្រចាំ ដើម្បីស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ បើតាមការថ្លែងបន្ថែមរបស់ លោក ទូច សំណាង បានបន្ថែមទៀតថា ការសាងសង់នៅដំណើរការទៅមុខជាប្រចាំ គ្រាន់តែមិនមានល្បឿនលឿនដូចមុនពេលមានកូវីដ- ១៩ ព្រោះយើងមិនមានកម្លាំងពលកម្មគ្រប់គ្រាន់។ តាមការប៉ាន់ស្មាន នៅពេលគម្រោងនេះចាប់ផ្តើមដំណើរការសាងសង់ពេញលេញអាចនឹងត្រូវការកម្លាំងពលកម្មប្រមាណ ៧ពាន់នាក់ក្នុង១ថ្ងៃ។
ក្រុមហ៊ុនគ្រោងនឹងចំណាយប្រាក់ ៥៥០លានដុល្លារសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ននៅលើកោះនរា ដើម្បីអាចឱ្យមនុស្សរស់នៅបានប្រមាណ ៥ម៉ឺននាក់។ បើតាមការថ្លែងរបស់ លោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ក្នុងពេលបើកការដ្ឋានសាងសង់ស្ពាន ២ខ្សែភ្ជាប់ទៅកោះពេជ្រ និងផ្លូវជាតិលេខ១ កាលពីខែតុលា ឆ្នាំ២០២០ បានបន្តថា ស្ពានចំនួន ២ខ្សែនេះ ក្នុងគម្រោងចំណាយសរុប ៣៩,៦លានដុល្លារ ដោយរំពឹងថានឹងក្លាយជាកម្លាំងចលករក្នុងការធ្វើឱ្យកោះនរា ក្លាយជាកន្លែងដែលមានភាពទាក់ទាញទាំងការរស់នៅ ធ្វើការងារ និងបើកអាជីវកម្ម។
នៅពេលមានស្ពានទាំង ២ខ្សែ បើកដំណើរការ កោះនរានឹងក្លាយជាទីតាំងនៅជាប់ចំណុចកណ្តាលរាជធានីភ្នំពេញ និងផ្លូវជាតិលេខ១។ ទីនោះនឹងក្លាយជាកន្លែងដ៏ល្អសម្រាប់ការរស់នៅ ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងនៅជាប់មាត់ទន្លេដែលមានអាកាសធាតុ និងបរិស្ថានស្រស់បំព្រង។ បើតាមលើកឡើងរបស់ លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានបន្តថា កោះនរាស្ថិតចំទីតាំងល្អលើគ្រប់ទិដ្ឋភាពទាំងការរស់នៅ និងវិនិយោគ ហើយទីផ្សារអចលនទ្រព្យនៅទីនោះនឹងមានកំណើនខ្ពស់នៅពេលអនាគត៕
ប្រភព៖ ភ្នំពេញប៉ុសិ៍្ត
ដោយ៖ មឿន ឌីណា (MoeunDyna)