Register Already an agent ? Login

៦ខែនេះ ក្រសួងរៀបចំដែនដី បានអនុម័តសំណង់ជាង ២ពាន់គម្រោង តម្លៃសរុប ២,៥ប៊ីលានដុល្លារ ធ្លាក់ចុះ២៨%

ភ្នំពេញ៖ រយៈពេល ៦ខែឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតឱ្យគម្រោងសាងសង់សរុប ២,២៣៥គម្រោង ដែលមានទុនវិនិយោគសរុប ២,៥ប៊ីលានដុល្លារ ថយចុះ ២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ បើតាមការថ្លែងឱ្យដឹងពី លោក ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក ឡៅ ទិព្ធសីហា បានបញ្ជាក់ «ការធ្លាក់ចុះនេះ ដោយសារវិបត្តិជំងឺសកល ទាំងការស្នើសុំគម្រោងសាងសង់ ផ្ទៃក្រឡាសំណង់ ទុនវិនិយោគ និងសម្ភារសំណង់នាំចូល គឺបានថយចុះទាំងអស់»។ លោក រំពឹងថា វិស័យសំណង់នឹងកើនឡើងវិញ នៅពេលស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ប្រសើរឡើង។ លោក បានបន្តថា ទោះក្នុងវិបត្តិកូវីដក្ដី ក្រសួង ក៏បន្តរឹតបន្តឹងច្បាប់សំណង់ ដើម្បីពង្រីកគុណភាពសំណង់ និងការត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេស។

នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤% -៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ បើតាមរបាយការណ៍របស់ធនាជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងទី២២ កក្កដា ឆ្នាំ២០២១។

របាយការណ៍ដដែលបានបញ្ជាក់ថា ការធ្លាក់ចុះនេះគឺដោយសារ ភាពថមថយនៃការវិនិយោគ ឬការសាងសង់គម្រោងសំណង់ក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ យ៉ាងណាក្ដី ការនាំចូលសម្ភារ និងបរិក្ខារសំណង់ បែរជាមានកំណើនប្រមាណ ១៦ភាគរយ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ ទោះជាស្ថានភាពកូវីដនៅតែបន្ត តែធនាគារជឿជាក់ថា វិស័យសំណង់នៅតែមានភាពរឹងមាំ សឱ្យឃើញតាមរយៈការបន្តដំណើរដោយរលូននៃគម្រោងសំណង់ ទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងឯកជន។

សូមបញ្ជាក់ថា ត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ចីក្នុងវិស័យសំណង់ និងអចលនទ្រព្យកើនដល់ជាង ១០ប៊ីលានដុល្លារ ខណៈ ការរៀបចំឥណទានឡើងវិញលើវិស័យសំណង់ មានចំនួនជាង ៣,២ម៉ឺនគណនី ឬស្មើនឹងទំហំលុយសរុបជាង ៨៤០លានដុល្លារ៕

ប្រភព៖ គេហទំព័រសំណង់និងអចលនទ្រព្យ

ដោយ៖ មឿន ឌីណា (Moeun Dyna)