កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍តំបន់បៃតងមួយកន្លែង ជាប់មាត់ព្រែកត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត បានជំរុញឱ្យអ្នកជំនាញសិក្សាបន្ថែមពីផលប៉ះពាល់ និងការដោះស្រាយបញ្ហាប្រឈមផងដែរ។
លោក ជាវ តាយ ចុះពិនិត្យទីតាំងខាងលើ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អមដំណើរដោយ អភិបាលរងខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដោយពិនិត្យស្វែងយល់ដល់ទីតាំងជាក់ស្ដែង ដើម្បីជំរុញពន្លឿនការអភិវឌ្ឍ។
មានប្រសាសន៍ នៅក្នុងឱកាសនោះពាក់ព័ន្ធគោលដៅការអភិវឌ្ឍតំបន់បៃតងនៃតំបន់នេះ លោក ជាវ តាយ បានលើកឡើងថា ទីតាំងនេះមានទេសភាពស្អាត ថែមទាំងទាក់ទាញទេសចរ ក៏ដូចជាការបម្រើដល់ការកម្សាន្តលំហែកាយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្របទៅនឹងសម័យកាលបច្ចុប្បន្ន ដែលរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទាមទារការអភិវឌ្ឍជាសំខាន់។ លោក បានបញ្ជាក់ «ហើយការអភិវឌ្ឍ នោះទៀតសោត ត្រូវធានាដល់និរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់ជាទូទៅឱ្យបានច្រើនបំផុតផង»។
លោក ជាវ តាយ អភិបាលខេត្តកំពត បានសង្កត់ធ្ងន់ថា ដូច្នេះ អាជ្ញាធរជំនាញ និងប្រជាពលរដ្ឋត្រូវរួមសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាមួយគ្នាប្រកបដោយភាពទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យការអភិវឌ្ឍនេះក្លាយជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងបានបម្រើប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យ។
ពាក់ព័ន្ធនឹងដំណើរការសាងសង់ស្ពានបេតុងត្រើយកោះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល លោក ជាវ តាយ បានចាត់ទុកស្ពាននេះ មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ ពិសេស ការដឹកជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្ររួមនឹងទំនិញសម្ភារផ្សេងៗគ្រប់សារពើ។ លោក បានជំរុញបន្តថា ដូច្នេះសូមឱ្យជំនាញនិងអាជ្ញាធររួមនិងប្រជាពលរដ្ឋសហការគ្នាឱ្យបានល្អ ដើម្បីឱ្យល្បឿននៃការសាងសង់នេះបានឆាប់ចប់តាមគម្រោងនៅចុងឆ្នាំ ២០២១នេះ។
លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ទៀតថា ចំពោះសំណូមពរប្រជាពលរដ្ឋទាំង ១៣គ្រួសារ ក្នុងសង្កាត់អណ្តូងខ្មែរ និងសង្កាត់ត្រើយកោះ សុំចេញបណ្ណកម្មសិទ្ធ មិនទាន់បានចេញនៅឡើយដោយសារបញ្ហាស្មុគស្មាញពាក់ព័ន្ធលំនៅដ្ឋានទាំងនោះស្ថិតនៅលើចំណីព្រែក និងលើទឹកព្រែកតែម្តង។
លោក បានបន្តទៀតថា តែទោះបីយ៉ាងណា បញ្ហានេះរដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់ជំរុញឱ្យជំនាញកំពុងសិក្សាដើម្បីផ្ដល់ជូនបណ្ណកម្មសិទ្ធិឱ្យបានឆាប់នៅពេលខាងមុខនេះ ប៉ុន្តែសូមស្នើឱ្យជំនាញនិងអាជ្ញាធររួមនិងប្រជាពលរដ្ឋខិតខំសម្របសម្រួលសហការគ្នាដោះស្រាយបញ្ចប់បញ្ហាដោយភាពទន់ភ្លន់ និងវៃឆ្លាត រដ្ឋក៏ចំណេញ ពលរដ្ឋក៏សប្បាយចិត្ត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)