Register Already an agent ? Login

អភិបាលខេត្តកណ្ដាល ស្នើឱ្យប្រជាពលរដ្ឋដែលមានដីក្នុងគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី លក់ដីនោះកុំឱ្យរាំងស្ទះដល់ដំណើរសាងសង់

កណ្ដាល៖ ប្រជាពលរដ្ឋ ដែលមានក្បាលដីក្នុងទីតាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ចំនួន១១ក្បាលដីទៀត សូមមានការយោគយល់ខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយដូរដីទៅខាងក្រៅព្រលានយន្តហោះថ្មី ដែលអាចយកទៅលក់ដូរ សាងសងលំនៅដ្ឋានបាន ឬលក់ឱ្យក្រុមហ៊ុនសាងសង់ ដើម្បីកុំឱ្យរាំងស្ទះដល់ដំណើរការសាងសង់ព្រលានយន្តហោះនេះ។ បើតាមការស្នើរបស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ «ពេលដែលព្រលានយន្តហោះនេះលេចចេញជារូបរាងឡើង តំបន់នៅជុំវិញនេះ នឹងរីកដុះដាលជាតំបន់មានការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំង ហើយបងប្អូនប្រជាពលរដ្ឋ នឹងទទួលផលពីការអភិវឌ្ឍ មានជីវភាពធូរធាគ្រប់ៗគ្នា»។

នៅក្នុងពិធីផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដី ក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីចំនួន ១៦នាក់ ស្មើនឹង ៣១ក្បាលដី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង ១១ក្បាលដី ដែលមានទីតាំងក្នុងទីតាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សូមចូលរួមដោះស្រាយជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះ និងអាជ្ញាធរ តាមគោលការណ៍របស់រាជរដ្ឋាភិបាល តាមរូបភាពនៃការដោះដូរដី ឬលក់ជូនក្រុមហ៊ុន ដើម្បីជំរុញដោះស្រាយបញ្ចប់បញ្ហា និងពន្លឿនការសាងសង់ព្រលានយន្តហោះនេះ តាមផែនការដែលបានគ្រោងទុក។

លោក គង់ សោភ័ណ្ឌ បានធានាអះអាងថា «បើបងប្អូនប្រជាពលរដ្ឋយល់ព្រមដូរដី ប្រាកដជាទទួលបានដីពិត ប្រាកដ ប្រជាពលរដ្ឋលក់ដី ពិតជាបានប្រាក់តាមគោលការណ៍កំណត់។ ក្នុងករណីមិនដូចការអះអាងខាងលើ ខ្ញុំសូមធានាចេញសងជូនប្រជាពលរដ្ឋវិញ»។

នាឱកាសនោះ លោក អភិបាលខេត្តកណ្ដាល ស្នើក្រុមហ៊ុន CAIC ត្រូវត្រៀមទីតាំងដីសម្រាប់ដោះដូរ ហើយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងរដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវជួយសម្រួលនិងពន្លឿននីតិវិធីក្នុងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។

នៅក្នុងពិធីខាងលើ លោក គង់ សោភ័ណ្ឌ បានថ្លែងថា ការបង្កើតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល លើផ្ទៃដី ២,៦០០ហិកតា ក្នុងនោះស្ថិតក្នុងខេត្តកណ្តាល ទំហំ ២,៤២៦ហិកតា និងខេត្តតាកែវ ១៧៤ហិកតា។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់នេះ នៅក្នុងខេត្តកណ្តាល មានស្រុកកណ្តាលស្ទឹង និងស្រុកស្អាង មាន ៤ឃុំ ស្មើនឹង ១៣ភូមិ មានផ្ទៃដីសរុបទំហំ ២,៤២៦ហិកតា នៃទំហំផ្ទៃដីគម្រោងសរុប។

លោក អភិបាលខេត្តកណ្តាល បានថ្លែងបន្តថា ក្នុងគម្រោងព្រលានយន្តហោះថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន ៣ខ្សែ ក្នុងនោះ ផ្លូវរត់ទី១ (Runway1) គ្រោងនឹងបញ្ចប់ការស្ថាបនាឱ្យបានមុនត្រីមាសទី១ ឆ្នាំ២០២៣ខាងមុខ ដែលផ្លូវរត់នេះមានទទឹង ១០០ម៉ែត្រ បណ្តោយ ៤,០០០ម៉ែត្រ ប្រើប្រាស់ផ្ទៃដី ចំនួន ៤០ហិកតា ដែលត្រូវសហការគ្នាគិតគូរដោះស្រាយជាអាទិភាព។ លោក ថា បច្ចុប្បន្ន នៅមានប្រជាពលរដ្ឋ ១១ក្បាលដីទៀត ដែលមិនទាន់យល់ព្រម ទទួលយកការដូរដី ឬការលក់ដីជូនក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។

លោក បានបញ្ជាក់បន្តថា ការសាងសង់ព្រលានយន្តហោះនេះ គឺជាមោទកភាពរបស់ខេត្តកណ្តាល ជាពិសេសសម្រាប់ស្រុកកណ្តាលស្ទឹង ដែលនឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិ។ ហើយនៅពេលខាងមុខ ពេលដែលព្រលានយន្តហោះលេចចេញជារូបរាងឡើងតំបន់នៅជុំវិញនេះ នឹងរីកដុះដាលជាតំបន់មានការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំង ហើយបងប្អូនប្រជាពលរដ្ឋ នឹងទទួលផលពីការអភិវឌ្ឍមានជីវភាពធូរធាគ្រប់ៗគ្នា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)