Register Already an agent ? Login

អភិបាលខេត្តកំពង់ស្ពឺ ដកហូតដីព្រៃចំនួន ៣១៥.៥ហិកតា នៅក្នុងស្រុកឱរ៉ាល់ មកធ្វើជាសម្បត្តិរដ្ឋ

កំពង់ស្ពឺ៖ ដីព្រៃចំនួន ២ទីតាំង ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ មានទំហំសរុប ៣១៥.៥ហិកតា ត្រូវបានអភិបាលខេត្តកំពង់ស្ពឺដកហូតមកជាសម្បត្តិរបស់រដ្ឋ។ បើតាមដីការលេខ៥០/២១ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បន្តថា ទីតាំងទី១ ដីមានទំហំ ៣១៣ហិកតា ដែលស្ថិតនៅភូមិត្រពាំងធ្មៀ ឃុំតាសាល និងទីតាំងទី២ មានទំហំ ២.៥ហិកតា ដែលស្ថិតនៅភូមិពោធិមាស ឃុំត្រពាំងជោ។

ការដកហូតដីខាងលើមកធ្វើជាសម្បត្តិរដ្ឋវិញ ពីព្រោះមើលឃើញថា មានការកាន់កាប់ដីខុសច្បាប់។ បើតាមការថ្លែងបញ្ជាក់របស់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបន្តថា អ្នកទិញដីនៅឧទ្យានជាតិគិរីរម្យ គឺជាការទិញលក់ខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ចនឹងដកហូតយកមកវិញនាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ អភិបាលខេត្តកំពង់ស្ពឺ បានដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិទំហំជាង ៤០០០ហិកតា មកជាសម្បត្តិរដ្ឋវិញ។

គួររម្លឹកផងដែរថា កាលពីដើមខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ» ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងរាល់ទ្រព្យសម្បតិ្តរដ្ឋ។

ច្បាប់នេះត្រូវបានផ្តួចផ្តើមឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយផ្អែកលើ មាត្រា៥៨ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ដែលចែងថា៖ «ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លីក្រោមដី ភ្នំ សមុទ្រ ក្រោមបាតសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃ ឈើ ធនធានធម្មជាតិ មជ្ឍមណ្ឌលសេដ្ឋកិច្ចវប្បធម៍ មូលដ្ឋានកាពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។ ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)