Register Already an agent ? Login

ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ និងកំពង់ធំ ទទួលបានទុនវិនិយោគសរុបជាង ៦៥លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន ៨ វិនិយោគនៅខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ និងកំពង់ធំ ទុនវិនិយោគសរុប ៦៣,៥លានដុល្លារ និងអាចផ្ដល់ការងារបានចំនួន ១,២១៥កន្លែង។

ក្រុមហ៊ុនទាំង៨ ដែលទទួលបានការចុះបញ្ជីជាស្ថាពរ ពីគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមានដូចខាងក្រោម៖

១.គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង (ពីវត្ថុធាតុដើមចាស់ៗប្រមូលទិញក្នុងស្រុក) របស់ក្រុមហ៊ុន ETHAN METAL MANUFACTURE CO., LTD. ទីតាំងស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៥នាក់។

២.គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន AUSPICIOUS BAG & SHOES ACCESSORIES CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

៣.គម្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ របស់ក្រុមហ៊ុន CAMBODIAN A1 STEEL INDUSTRY CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៧៤នាក់។

៤.គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី) របស់ក្រុមហ៊ុន CAMBODIAN XING CAN SHI PIN CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៥៤នាក់។

៥.គម្រោងបង្កើតរោងចក្រផលិតជីវគីមី របស់ក្រុមហ៊ុន XIN CHENHUI (CAMBODIA) CHEMICAL INDUSTRY CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៩,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧២នាក់។

៦.គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (មាន់, ទា, ជ្រូក...) របស់ក្រុមហ៊ុន SOMA FARM (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ១១,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩២នាក់។

៧.គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយប្រេងខ្មៅ អានុភាព២៣មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន SCHNEITEC ALTERNATIVE CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦នាក់។

៨.គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន SOMA ENERGY CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៤,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៤នាក់។

សូមបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០ភាគរយ ឬ៣១៥លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)