Register Already an agent ? Login

សុរិយោដីខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋ នៅឃុំរកាកោង២ ពិនិត្យទិន្នន័យក្បាលដីរបស់ខ្លួនជៀសវាងខុសកម្មសិទ្ធិ

កណ្ដាល៖ លោក ទៀង កុស្សារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅភូមិពោធិ៍រលំ ឃុំរកាកោង២ ដែលជាម្ចាស់ក្បាលដីមកពិនិត្យមើលទិន្នន័យក្បាល​ដី​របស់​ខ្លួន ឱ្យបាន​ច្បាស់លាស់ជៀសវាងខុសកម្មសិទ្ធិ​រួម ដែលមានក្បាលដីចំនួន ៥៧៤ក្បាលដី។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជី​ដីធ្លី​ដែលមានលក្ខណៈជាប្រព័ន្ធ នៅភូមិពោធិ៍រលំ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោក ទៀង កុស្សារៈ បានបន្តថា ការមកពិនិត្យនេះបញ្ជាក់ ជា​របស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ឬក៏ខុស​ឈ្មោះ​ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីមន្ត្រីជំនាញធ្វើការកែតម្រូវឡើងវិញឱ្យបានត្រឹមត្រូវ មានតម្លាភាពសំដៅពន្លឿនដល់ការចេញ បណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនប្រជាពលរដ្ឋ»។

លោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល «នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាបណ្ណកម្មសិទ្ធិ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១»។

ក្នុងរយៈពេលនេះ គឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាបានមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំគិតទាំងថ្ងៃឈប់សម្រាក ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលដីរបស់ខ្លួន ដើម្បីឱ្យមន្ត្រីជំនាញធ្វើការកែសម្រួលឱ្យត្រឹមត្រូវឡើងវិញ។ បើតាមការលើកឡើងបន្តរបស់ លោក ទៀង កុស្សារៈ។

លោកស្រី ឌឹម អេង អភិបាលរងស្រុកមុខកំពូល បានមានប្រសាសន៍ថា ការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុក កាត់បន្ថយទំនាស់ដីធ្លី ធ្វើឱ្យដីមានតម្លៃងាយស្រួលក្នុងការទិញលក់។

លោកស្រី បានថ្លែងបន្តថា ដើម្បីឱ្យដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និងប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដីឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)