Register Already an agent ? Login

ផ្លូវជាតិលេខ៤៨ មានតំបន់សេដ្ឋកិច្ចពិសេស ៤កន្លែង ជាផ្លូវហាយវ៉េអាស៊ាន១២៣ ភ្ជាប់ពីកម្ពុជាទៅថៃ ទៅភាគខាងកើត-លិចនៃឧបទ្វីបឥណ្ឌូចិន និងភូមា

កោះកុង៖ នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ មានតំបន់សេដ្ឋកិច្ចពិសេស (SEZ) ចំនួន ៤កន្លែង រួមមាន៖ ១.តំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ) ២.តំបន់សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (Suoy Chheng SEZ) ៣.តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និង៤.តំបន់សេដ្ឋកិច្ចពិសេសរតនា(Ratana SEZ) ព្រមទាំងមានតំបន់ ទេសចរណ៍គិរីសាគរផងដែរ។ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តឱ្យដឹងថា ផ្លូវជាតិលេខ៤៨ គឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ(Dawai) ប្រទេសភូមា។

បើតាមក្រសួង បានបន្តថា គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េខាងត្បូង រយៈពេលសាងសង់ចំនួន ៣២ខែ គ្រោងចាប់ផ្តើមសាង សង់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨ ៣៩៨ ៧៤១.៥៣ដុល្លារ ក្នុងនោះ៖ តម្លៃគម្រោងសាងសង់ចំនួន ៥៩,១៤៦,៧៤១.៥៣ដុល្លារ តម្លៃសិក្សានិងត្រួតពិនិត្យ គម្រោងចំនួន ៦,០០០,០០០ដុល្លារ ក្រោមមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) នៃសាធារណរដ្ឋកូរ៉េ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣,២៥២,០០០ដុល្លារ សម្រាប់ការងារដោះស្រាយផល ប៉ះពាល់ ដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ។ សាងសង់ដោយ ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL  Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។ បើតាមក្រសួងដដែល។

ផ្លូវនេះ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះប្រវែង ១២៣គីឡូម៉ែត្រ មានចំនួនពីរគន្លង ប្រវែង ២៥គីឡូម៉ែត្រមាន ចំនួន ៤គន្លងលើទីតាំងចំនួន ៤គឺ៖

ទី១-ប្រវែង១២គីឡូម៉ែត្រ (គ.ម ០+០០០-គ.ម ១២+០០០) ទី២-ប្រវែង ៣,៤គីឡូម៉ែត្រ (គ.ម ៥៧+៧០០- គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែ ផ្លូវថ្មីទី១ (Realignment) ទី៣-ប្រវែង៤,២គីឡូម៉ែត្រ (គ.ម ១២៤+៤០០ -គ.ម  ១២៨+៦០០)ចំណុច ចំណោតតាតៃ និងជាកន្លែង ប្តូរខ្សែផ្លូវថ្មីទី២(Realignment) ទី៤-ប្រវែង ៥,៥គីឡូម៉ែត្រ (គ.ម ១៤២+៥០០- គ.ម ១៤៨+០៣៨) ទទឹងផ្លូវ ១១ម៉ែត្រ (ពីរគន្លង) ១៨,៥ម៉ែត្រ ដល់ ២១,៥ម៉ែត្រ (បួនគន្លង) ក្រាលបេតុង កៅស៊ូ (AC) (កម្រាស់ ៧សង់ទីម៉ែត្រ) បេតុងសរសៃដែក (២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ។

ផ្លូវនេះមានការកែសម្រួលចំណុចផ្លូវប្រសព្វចំនួន ៥កន្លែង ១.ចំការហ្លួង ២.ស្រែអំបិល ៣.ផ្លូវបំបែកចូលទៅគីរីសាគរ ៤. ផ្លូវបំបែកចូលទៅទំនប់វារីអគ្គីសនី ៥.ផ្លូវបំបែកចូលទៅ ព្រលានយន្តហោះ។ សាងសង់ស្ពានថ្មីចំនួន ៤កន្លែង (ប្រវែង១១៣ម៉ែត្រ) ប្រព័ន្ធបង្ហូររំដោះទឹក លូមូលបេតុង ១៤០កន្លែង (ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) លូប្រអប់ ១៥កន្លែង(ថ្មី ៣កន្លែង និងពង្រីក១២កន្លែង) បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ ការកំណត់ល្បឿន ៨០គីឡូម៉ែត្រ/ម៉ោង (តំបន់ទំនាប ឬផ្លូវត្រង់) ៦០គីឡូម៉ែត្រ/ម៉ោង (តំបន់ខ្ពង់រាប ឬផ្លូវកោង)។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អំណរគុណយ៉ាងជ្រាលជ្រៅដល់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ប្រាក់កម្ចីដើម្បីស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ (EDCF) និងបានសំណូមពរឱ្យក្រុមហ៊ុនសាងសង់អនុវត្តគម្រោងសាងសង់ផ្លូវនេះប្រកបដោយគុណភាពខ្ពស់ ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាសាងសង់ និងតាមបទដ្ឋាបច្ចេកទេស ជាពិសេសត្រូវតាមដាននិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់ ឱ្យបានខ្ជាប់ខ្ជួនដើម្បីធានាថាផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង។

សូមបញ្ជាក់ថា គម្រោងលើកកម្រិតគុណផ្លូវជាតិលេខ៤៨នេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗជារួម គឺ៖ ១ធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍របស់អ្នកដំណើរតាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃធ្វើ ដំណើរនិងដឹកជញ្ជូន ២.បង្កើនការធានាសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរតាមរយៈបំពាក់គ្រឿង បរិក្ខារសុវត្ថិភាពគ្រប់គ្រាន់ និងកែសម្រួលកាំកំណោង និងចំណោតខ្លាំងរបស់ផ្លូវ ៣.ជំរុញសក្តានុពល តំបន់ទេសចរណ៍ ៤.បង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ជាពិសេសជាមួយប្រទេសជិតខាង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)