Register Already an agent ? Login

រដ្ឋបាលខេត្តកំពង់ឆ្នាំង គ្រោងសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ លើដីទំហំ ៥០ហិកតា ក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំ នឹងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងតំបន់បឹងធំ ក្រុងកំពង់ឆ្នាំង នៅលើផ្ទៃដីប្រមាណ ៥០ហិកតា ពេលនេះកំពុងរៀបចំបោះបង្គោលកំណត់ព្រំដី។ បើតាមកិច្ចប្រជុំពិភាក្សា ការគ្រប់គ្រងបឹងធំ និងការបោះបង្គោលព្រំដីទំហំ ៥០ហិកតា សម្រាប់កសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលដឹកនាំ ដោយ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំខាងលើ លោក ស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង មិនទាន់បញ្ជាក់ពីពេលវេលាសាងសង់ និងថវិកាសម្រាប់គម្រោងនេះឡើយ ប៉ុន្តែបញ្ជាក់ថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ នឹងធ្វើឡើងក្នុងទ្រង់ទ្រាយធំ ប្រកបដោយស្ដង់ដារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។

ក្រៅពីគ្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅដំណាច់ឆ្នាំ២០២១ នេះ ក្រុងកំពង់ឆ្នាំង ក៏នឹងមានទីលានចាក់សំរាមទំហំប្រមាណ ១០ហិកតា ស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលសាងសង់ឡើងក្រោមគម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គម្រោងទាំងមូលរួមមាន កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម ស្រះត្រងទឹកកខ្វក់ អគាររដ្ឋបាល អណ្ដូងសម្រាប់ត្រួតពិនិត្យគុណភាពទឹក ផ្លូវចូលទីលានកប់សំរាម បន្ទប់ម៉ាស៊ីនភ្លើង ប្រព័ន្ធលូបង្ហូរទឹកភ្លៀង របងព័ទ្ធជុំវិញទីលានចាក់សំរាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)