Register Already an agent ? Login

រដ្ឋបាលខេត្តកណ្ដាល បានសម្រេចយក ឃុំទឹកវិល ស្រុកស្អាង ធ្វើទីលានចាក់សំរាម ក្រោមគម្រោងហិរញ្ញប្បទាន ADB

កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានកំណត់យកតំបន់មេទឹកព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល  សម្រាប់ធ្វើទីលានចាក់សំរាម និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោក។

លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យទីតាំងខាងលើ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

នាឱកាសចុះពិនិត្យទីតាំងខាងលើ លោក ប្រាក់ សំអឿន បានមានប្រសាសន៍ថា ការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក គឺពិតជាមានសារៈសំខាន់ណាស់ ប្រសិនបើការទុកដាក់សំរាម សំណល់រឹង និងប្លាស្ទិកមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសនោះទេ វានឹងបណ្ដាលឱ្យយើងជួបនូវបញ្ហាប្រឈម ព្រមទាំងជះឥទ្ធិពលដល់បញ្ហាសុខភាពនៅរយៈពេលយូរខាងមុខទៀត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ ហើយការប្រែប្រួល និងការប្រើប្រាស់សំរាម សំណល់រឹង និងប្លាស្ទិក មានការកើនឡើងគួរឱ្យព្រួយបារម្ភ ដែលតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវធ្វើការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្តង់ដារបច្ចេកទេស។ បើតាមការបន្តរបស់ លោក ប្រាក់ សំអឿន។

លោក ប្រាក់ សំអឿន ក៏បានស្នើដល់អាជ្ញាធរខេត្ត ពិសេសអាជ្ញាធរភូមិ-ឃុំ ត្រូវធ្វើការផ្សព្វផ្សាយ អប់រំនិងណែនាំដល់ ប្រជាពលរដ្ឋ សូមទុកដាក់និងបែងចែកសំរាមទៅតាមប្រភេទនីមួយៗ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងធ្វើការកែច្នៃសំរាមឱ្យមានប្រសិទ្ធភាពផងដែរ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោក។

លោក អភិបាលខេត្ត បានបន្តឱ្យដឹងថា ទីតាំងតំបន់មេទឹកព្រែករាំងនេះ គឺជាទីតាំងដីរដ្ឋ ដែលបានចុះបញ្ជីដីធ្លីរួចរាល់ ហើយទីតាំងនេះ គឺជាទីតាំងសមស្របដែលអាចធ្វើជាទីលានចាក់សំរាម និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ស្របតាមលក្ខណៈបច្ចេកទេស៕

ដោយ៖​ មឿន ឌីណា (Moeun Dyna)