កណ្ដាល៖ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល លោក ទៀង កុស្សារៈ បានអំពាវនាវឱ្យប្រជាពលរដ្ឋមកពិនិត្យមើលទិន្នន័យក្បាលដីរបស់ខ្លួន ឱ្យបានច្បាស់លាស់ជៀសវាងខុសកម្មសិទ្ធិរួម ជារបស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីមន្ត្រីជំនាញកែតម្រូវឡើងវិញ។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន ៣ភូមិរួមមាន ភូមិតាជោ ភូមិក្តីកណ្តាល និងភូមិតាស្គរ ស្ថិតនៅក្នុងឃុំសារិកាកែវ ស្រុកល្វាឯម កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ដែលមានក្បាលដីចំនួន ៣៦៥៦ក្បាលដី។
នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាបណ្ណកម្មសិទ្ធិ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។ បើតាមការបញ្ជាក់ របស់ លោក ទៀង កុស្សារៈ។
លោក ទៀង កុស្សារៈ បានថ្លែងបន្តថា ក្នុងរយៈពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំគិតទាំងថ្ងៃឈប់សម្រាក ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលដីរបស់ខ្លួន ដើម្បីឱ្យមន្ត្រីជំនាញធ្វើការងារកែសម្រួលឱ្យត្រឹមត្រូវឡើងវិញ។
ការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុក កាត់បន្ថយទំនាស់ដីធ្លី ធ្វើឱ្យដីមានតម្លៃងាយស្រួលក្នុងការទិញលក់។ បើតាមការបញ្ជាក់ របស់ លោក ចេង ឌីណា អភិបាលរងស្រុកល្វាឯម ថ្លែងក្នុងពិធីខាងលើ។
លោក អភិបាលរងស្រុកល្វាឯម បានថ្លែងបន្តថា ដើម្បីឱ្យដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និងប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដីឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)